(ភ្នំពេញ)៖ ដូចទៅនឹងការគ្រោងទុក អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ផែនការត្រួតពិនិត្យ ការផ្តល់អត្ត​សញ្ញាណ​ប័ណ្ណ និងលុបចោលកុងត្រូលជជុះ នៅបណ្តារាជធានី-ខេត្ត ចំនួន៤ ក្នុងប្រទេសកម្ពុជា សម្រាប់ជំហានដំបូងរបស់ខ្លួន។

តាមសេចក្តីជូនដំណឹង របស់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា មូលដ្ឋានដែល ACU នឹងអនុវត្តការត្រួតពិនិត្យការផ្តល់អត្តសញ្ញាណប័ណ្ណ និងលុបចោលកុងត្រូលជជុះនោះមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងខេត្តស្វាយរៀងជាដើម។

កាលពីខែមុន នៅក្នុងពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានប្រកាសអំពីគម្រោងវិធានការរបស់ខ្លួន ដែលនឹងអនុវត្តទៅលើនគរបាលចរាចរ-មន្រ្តីអត្តសញ្ញាណកម្ម និងកុងត្រូលជជុះ ដែលមានភាពមិនប្រក្រតី សម្រាប់ឆ្នាំ២០១៦ ផងដែរ៕