(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំវេទិកា​ទេសចរណ៍​អាស៊ាន ​ឆ្នាំ​២០១៦ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងគោលដៅលើកកម្ពស់វិស័យទេសចរណ៍។

កិច្ចប្រជុំអាស៊ានទាំង៣នេះរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េ) លើកទី១៥, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៥ និងកិច្ចប្រជុំពិគ្រោះយោបល់ អាស៊ាន-រុស្ស៊ីលើកទី១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ដោយមានប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ។

មុននឹងចាកចេញពីកម្ពុជា ឯនៅឯព្រលានយន្តហោះ លោករដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក ចិន-ជប៉ុន-កូរ៉េ លើកទី១៥ នឹងតាមដាន ស្តាប់របាយការណ៍សង្ខេប អំពីដំណើរការកិច្ចសហប្រតិបត្តិការ ទេសចរណ៍អាស៊ានបូក៣ផងដែរ។ ដោយឡែកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន-ឥណ្ឌា លើកទី៥ នឹងអនុម័តលើរបាយការណ៍សង្ខេប នៃកិច្ចប្រជុំក្រុមការងារទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១១ លើកទី១២ លើកទី១៣ និងលើកទី១៤។

លោក ថោង ខុន បានបន្ថែមថា ចំពោះកិច្ចប្រជុំពិគ្រោះ​ យោបល់អាស៊ាន-រុស្ស៊ី លើកទី៦ ជាការតាមដានលទ្ធផល ការអនុវត្តគម្រោងបណ្តុះបណ្តាលភាសារុស្ស៊ី សម្រាប់ប្រតិបត្តិករទេសចរណ៍អាស៊ានលើកទី២ នៅកម្ពុជា ដំណើរការអភិវឌ្ឍគោលការណ៍សុវត្ថិភាព និងសន្តិសុខទេសចរណ៍។ កិច្ចប្រជុំពិភាក្សាផងដែរ អំពីគម្រោងស្នើសុំនិងសកម្មភាពថ្មីៗ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។

គួរបញ្ជាក់ថា វេទិការទេសចរណ៍អាស៊ានឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅក្រោមប្រធាន «សហគមន៍មួយ ដើម្បីនិរន្តភាព» និងមានការចូលរួមពីអ្នកលក់ អ្នកទិញ អន្តរជាតិ និងអ្នកសារព័ត៌មាន ជាច្រើនអញ្ជើញមកពីគ្រប់ទិសទីនៃពិភពលោក។ នៅក្នុងវេទិការទេសចរណ៍អាស៊ាន ឆ្នាំ២០១៦នេះ ក៏មានផ្តល់រង្វាន់លើកទឹកចិត្ត ១ ( ASEAN Green Hotel Award និង២) - ១st ASEAN Homestay Award។

យ៉ាងណាក៏ដោយក្នុងឱកាសស្នាក់នៅ និងបំពេញការងារ នៅប្រទេសហ្វីលីពីន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូ មានគម្រោងជួបពិភាក្សា ជាមួយប្រតិភូសាធារណរដ្ឋប្រជាមានិតចិន តំណាង PATA ជួបពិភាក្សាការងារ និងចូលរួមអនុម័ត​ ផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន (ASEAN Tourism Strategic Plan, ATSP) ២០១៦-២០២០, និងការ​ចុុះអនុសារណៈ យោគយល់ រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ នៃសាធារណរដ្ឋហ្វីលីពីន។

ក្រៅពីនេះលោក ថោង ខុន នឹងអញ្ជើញចូលរួមចុះហត្ថលេខា លើអនុស្សារណៈកិច្ចសហប្រតិបត្តិការ ស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការទេសចរណ៍ ( Memorandum of Cooperation-MOU ) រវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។

ប្រតិភូក្រសួងទេសចរណ៍ ក៏មានគម្រោងជួបជាមួយប្រព័ន្ធឃោស ផ្សព្វផ្សាយអន្តរជាតិដើម្បីផ្សព្វផ្សាយ ពីគោលនយោបាយទេសចរណ៍ សក្តានុពល និងគោលដៅទេសចរណ៍ ពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទេសចរណ៍ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឲ្យស្របតាមនិន្នាការ អភិវឌ្ឍន៍ទេសចរណ៍សកលលោក៕