(កំពង់ឆ្នាំង)៖ ជនសង្ស័យចែកចាយ ថ្នាំញៀន២នាក់ប្តីប្រពន្ធ និងអ្នកប្រើប្រាស់ថ្នាំញៀន៥នាក់ ត្រូវបាននគរបាល ស្រុកកំពង់ត្រឡាច សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត តាមប្រមាញ់ចាប់ខ្លួន ដកហូតបានថ្នាំញៀនម៉ាទឹកកក ចំនួន១២កញ្ចប់ និងកាំភ្លើង កែច្នៃ១ដើម។ ជនសង្ស័យទាំងនេះ ត្រូវនឹងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើង នៅម៉ោង១២៖៣០នាទី រហូតដល់ល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិ ផ្សារត្រាច និងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំងង៧នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកពីស្រុកកំពង់ត្រឡាច មកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦  ។

នៅពេលកសាងសំណុំរឿងរួចរាល់ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងនិងត្រូវបញ្ជូនខ្លួន ទៅកាន់តុលាការខេត្ត  ចាត់ការចាត់ការតាមនីតិវិធីច្បាប់ ។

សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោមបញ្ជាផ្ទាល់របស់ លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្ត នគរបាលជំនាញ បានសហការជាមួយកងកម្លាំងនគរបាល ស្រុកកំពង់ត្រឡាច ចុះបង្ក្រាប និងចាប់បានអ្នកប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ចំនួន៥នាក់នៅភូមិផ្សារត្រាច  ហើយទើបឈានទៅចាប់ខ្លួនអ្នកចែកចាយថ្នាំញៀន  ២នាក់ប្តី និងប្រពន្ធបានទៀត នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន៖ ១.ឈ្មោះ អ៊ុង គន្ធា អាយុ៣៦ឆ្នាំ ២. ឈ្មោះ ម៉ក់ សុកនី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ ឈ្មោះ អ៊ុង គន្ធា មានកូនតូចអាយុ៣ខែម្នាក់ ជាអ្នកចែកចាយថ្នាំញៀន  រស់នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច  ៣.ឈ្មោះ ធន់ ណាលិក អាយុ១៦ឆ្នាំ  ៤.ឈ្មោះ ឆេត សុភី អាយុ១៥ឆ្នាំ  ៥.ឈ្មោះ ធន់ គន្ធា  អាយុ២២ឆ្នាំ  ៦.ឈ្មោះ សយ ចិត្រា អាយុ២១ឆ្នាំ ពួកគេទាំង៤នាក់រស់នៅភូមិផ្សារត្រាច  ឃុំលង្វែក   និង៧.ឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំរស់នៅភូមិដូនកែវ  ឃុំសេដ្ឋី  ស្រុកសាមគ្គីមានជ័យ។


វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងពេលបង្ក្រាបមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន១២កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ៣គ្រឿង ម៉ាកហុងដាឌ្រីម ០១៦មួយគ្រឿង និងហុងដាគុប៧០CC ពីរគ្រឿង  អាវុធកែឆ្នៃ១ដើម និងសម្ភារះសំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត ៕