(ស្វីស)៖ ប្រធាន FIFA ចាំផ្ទះលោក Sepp Blatter នៅតែអាចទទួលបានប្រាក់ខែ​ របស់លោកជាធម្មតាដដែល បើទោះបីជាក្រុមប្រឹក្សាវិន័យ អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ ព្យួរមុខតំណែងលោករហូតដល់៨ឆ្នាំក៏ដោយ នេះបើយោងតាមលោក Bantel អ្នកនាំពាក្យរបស់លោក Blatter ថ្លែងបា្រប់ Reuters យប់មិញនេះ ។

តែយ៉ាងក៏ដោយ អ្នកនាំពាក្យខាងលើនេះ មិនបញ្ជាក់ប្រាប់ពីចំនួនប្រាក់ខែ របស់បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំខាងលើឡើយ តែគ្រាន់តែដឹងថា លោក Blatter បានចូលដឹកនាំ FIFA ចាប់តាំងពីឆ្នាំ១៩៩៨ មកចំនួន៥អាណត្តិជាប់ៗគ្នា។

ប្រភពពីនាំពាក្យដដែលបានសង្កត់ធ្ងន់ថា «ដំបូងឡើយគណៈកម្មាធិការ FIFA ប្រុងកាត់ផ្តាច់ប្រាក់ Bonus រួមជាមួយ នឹងប្រាក់ខែរបស់លោក Blatter ផងដែរ តែមិនអាចទៅរួច ព្រោះលោកទើបតែត្រូវបានសមាជិក FIFA ទាំង២០៩ ប្រទេស បោះឆ្នោតគាំទ្រក្នុងអាណត្តិទី៥ កាលពីចុងខែឧសភា ឆ្នាំ២០១៥ ដោយបានត្រឹមតែដកកិច្ចការទាំងអស់ ទាក់ទងនឹងកីឡាតែប៉ុណ្ណោះ»

តែយ៉ាងក៏ដោយ តំណែងក្នុងនាមជាប្រធាន FIFA របស់លោក Sepp Blatter នឹងអស់សុពលភាពជាផ្លូវការ នៅក្រោយថ្ងៃបោះឆ្នោតជ្រើសរើស ប្រធានថ្មីថ្ងៃទី២៦ ខែក្រោយនេះ នៅទីស្នាក់ការកណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស និងពិចារណាឡើងវិញ ពីកិច្ចសន្យារបស់លោក Blatter ក៏ដូចការព្យួរមុខតំណែងផងដែរនោះ លោក Bantel បញ្ជាក់បន្ថែម៕