(កំពង់ធំ)៖ លោកស្រី ម៉េត រ៉ាវីចិត្រ សុខលូ ប្រធានកិត្តិយស លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព នឹងអភិវឌ្ឍន៍ខេត្តកំពង់ធំ ព្រមទាំងសហការី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានបន្ដចុះសួរសុខទុក្ខពលរដ្ឋតាមខ្នងផ្ទះ និងនាំយកអំណោយរបស់សមាគមនារីកម្ពុជា ផ្តល់ជូនដល់លោកតាលោកយាយ ចាស់ជរា ជនពិការស្រ្ដីមានជីវភាពខ្វះខាត ២៧គ្រួសារ នៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ គឺស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន។

លោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានបានបន្តទៀតថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែក ជូនបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំក្នុងការជួយដោះស្រាយបញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ បានមួយរយៈពេល ខ្លីមែនតែវាជាទឹកចិត្តដ៏ថ្លៃថ្លា ជួយគ្នាក្នុងគ្រាមានទុកលំបាក។

ឆ្លៀតក្នុងឱកាសនោះលោកស្រី លំ គន្ធារី បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវជាពិសេស ត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយក៏ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកស្រីក៏បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចឲ្យសោះ អំពីវិធានការការពាររនៃមេរោគកូវីដ១៩ កុំឱ្យមានឆ្លងនៅសហគមន៍ ហើយជាពិសេសត្រូវ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង នឹងរក្សាគម្លាតគ្នាជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩ នេះ។

អំណោយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានចែកអំណោយជូនដល់ស្ត្រីមានជីវភាពខ្វះខាត ជនពិការ ចាស់ជរាជួបការលំបាកចំនួន ២៧គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ី ១កេស សាប៊ូ ១ឈុត ច្រាសដុសចំនួន១ និងថវិកាចំនួនផងដែរ៕