(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែជាអម្ចាស់ជីវិតលើ ត្បូងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា របស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាបឋមនាងខ្ញុំម្ចាស់ ក្នុងនាមសមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមព្រះបរមរាជានុញ្ញាតចូលរួមសម្តែងការអបអសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូមសម្តេច ព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញា ញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មា ទីឃាយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួត របស់ ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាជាភិយ្យោភាពអស់កាលដ៏យូរអង្វែងតរៀងទៅ។

ក្នុងព្រះបរមរាជវរោកាសដ៏វិសេសវិសាលបំផុតនេះ នាងខ្ញុំម្ចាស់ និងសហការីគ្រប់លំដាប់ថ្នាក់ សូមលំឱនកាយ ថ្វាយ អំណរព្រះរាជគុណូបការៈ ប្រកបដោយកតញ្ញូ កតវេទិតាធម៌ ដ៏ជ្រាលជ្រៅជាអតិបរមា ដែលជានិច្ចកាល អង្គសម្តេចម៉ែ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្តេចរាជបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ប្រទានកាកបាទក្រហម កម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយជនងាយរងគ្រោះ មនុស្សចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ គ្មាន ទីពឹង និងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេៗ។ល។ ប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះទសពិធរាជធម៌ដ៏ខ្ជាប់ខ្ជួនដោយព្រះរាជហឫទ័យជ្រះថ្លាជាអនេកប្បការ។

ជាថ្មីម្តងទៀត នាងខ្ញុំម្ចាស់ និងសហការី សូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកជាអាទិ៍ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិ យានីគ្រប់ជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យ ព្រះរតនត្រ័យ ជាពិសេស ឫទ្ធិបារមីព្រះបរមរូប ព្រះមហាវីរក្សត្រ ព្រះបរម រតន កោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាល គ្រងរក្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធ ពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមហ្លួងម៉ែជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈ ទ្រង់ស្តេចប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចនិងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីនាងខ្ញុំម្ចាស់»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖