(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតមរណទុក្ខជូនលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រោយទទួលដំណឹងថា ឧបាសក យ៉ុង សុខន ជាឪពុករបស់លោក សុខ ទូច ទទួលមរណភាព ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

សារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបរាប់ថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្រ្តីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំជាទីបំផុត ចំពោះមរណភាពឧបាសក យ៉ុង សុខន ត្រូវជាឳពុក បង្កើតរបស់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា »។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា «ការបាត់បង់រូបកាយ ឧបាសក យ៉ុង សុខន គឺជាការបាត់បង់ឳពុក ឳពុកក្មេក ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលចិញ្ចឹមបីបាច់ថែរក្សា អប់រំកូនចៅ ប្រកបដោយគន្លងធម៌។ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ របស់ឧបាសក បានទៅសោយក្នុងសុគតិភពជានិរន្តិ៍រៀងទៅ៕