(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំង អធិការ អធិការរងនគរបាលថ្មីស្រុកអង្គរបូរី ដោយលោកវរសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន ឡើងជំនួសលោកវរសេនីយ៍ឯក ភី ឆុន ដែលទទួលភារកិច្ចថ្មីជាអធិការនគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្ត។

នៅក្នុងពិធីនេះក៏មានចូលរួមពីលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ព្រមទាំងមានការចូលរួមពីស្នងការរង នាយការិយាល័យ មេបញ្ជាការវរលេខ៦០៣ លោកមេបញ្ជាការសឹករងស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានស្នាក់ការគយច្រកបាក់ដៃ លោកអធិការរងស្រុក នាយផ្នែក នាយរងផ្នែក មន្រ្តីអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលទាំង៦ឃុំ និងប្រជាការពារ។

លោកអភិបាលស្រុក បានថ្លែងផ្តាំផ្ញើអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានជំរុញដល់អធិការនគបាលថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមាន ការសាមគ្គីភាព ផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបន្តថា អធិការថ្មីត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារ និងត្រូវមានការលើកទឹកចិត្ត ជូនរង្វាន់ដល់អង្គភាពមន្រ្តីដែលមានស្នាដៃ យកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្តច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។ ត្រូវបែងចែកកិច្ចការងារជំនាញឲ្យបានច្បាស់លាស់ ទន្ទឹមនោះក៏ត្រូវមានអង្គប្រជុំទៀងទាត់ និងត្រូវរួមសហការជាមួយអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា លោកមេប៉ុស្តិ៍ទាំងអស់ ត្រូវបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការ ទប់ស្កាត់ នៃជំងឺនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំឱ្យរីករាលដាល ព្រោះសម្រាប់ខេត្តតាកែវមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នេះទេ រហូតមកដល់ពេលនេះ ពិសេសនោះត្រូវអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពផងដែរ៕