(កំពង់ឆ្នាំង)៖ លោក គឹម ហួរ ម្ចាស់កសិដ្ឋានបណ្តុះកូនឈើនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំងថា កសិដ្ឋានរបស់ស្ថិតនៅក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះបានបណ្តុះកូនឈើក្រញូងហាយណាន ដែលមានតម្លៃខ្ពស់ និងមានចំនួនរាប់ម៉ឺនដើម ដោយបានយកពូជមកពីប្រទេសចិន សំរាប់ធ្វើការដាំដុះក្នុងកសិដ្ឋានបៃតងរបស់លោកជាច្រើនហិកតា និងក៏សម្រាប់លក់ចេញចែកចាយជូនអតិថិជននៅក្នុងស្រុក ព្រមទាំងសម្រាប់ដាំដុះតាមចំការ ឬដាំលំអរតាមគេហដ្ឋាន និងកន្លែងធ្វើការងារផងដែរ។

លោកបានបន្តថា ដើមក្រញូងហាយណាន គឺជាដើមឈើប្រណិតដ៏មានតម្លៃនៅ ក្នុងប្រទេសចិន ដែលនៅក្នុងទីផ្សារអន្តរជាតិបានទទួលស្គាល់ និងតម្រូវការជាច្រើនសំរាប់ធ្វើជាគ្រឿងសង្ខារឹមមានតុទូ កៅអី គ្រែ និងធ្វើរបស់ប្រើប្រាស់ដែលគេនិយមចូលចិត្ត ដូចជាធ្វើជាក្តារបន្ទះតូចធំ បិតលំអរនៅក្នុងរថយន្តជាដើម។ល។ ក៏ដូចជាសម្រាប់លក់ទៅតាមទីផ្សារក្នុងស្រុក ឬក៏អាចនាំចេញទៅលក់ នៅក្រៅប្រទេសបានផងដែរ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក គឹម ហួរ បានបញ្ជាក់ទៀតថា ដើមក្រញូងហាយណានរយៈពេលដាំដុះរបស់វាគឺពី៥ឆ្នាំ ទៅ៧ឆ្នាំ ទៅតាមប្រភេទដី និងបើមុខ កាត់ ២តឹក មានខ្លឹម ១,៥០តឹក គឺមានក្រយ៉ៅខ្លឹមស្រទាប់ៗយ៉ាងល្អប្រណិត ដែលអាចលក់ចេញនៅក្នុងទីផ្សារក្នុងស្រុក ឬទីផ្សារក្រៅប្រទេសដែលក្នុង១ដើមៗមុខកាត់ ២តឹក ប្រវែង៤ម៉ែត្រ វានិងអាចលក់បានក្នុងតម្លៃខ្ពស់។

ដោយឡែកនៅក្នុងកសិដ្ឋានបៃតងរបស់លោកសព្វថ្ងៃ បានបណ្តុះកូនក្រញូងហាយណានបានរាប់ម៉ឺនដើមហើយដែលមានអាយុពី៣ខែ ទៅ៧ខែ សំរាប់ធ្វើការដាំដុះនៅក្នុងកសិដ្ឋានផង និងសំរាប់លក់ចែកជូនអតិថិជនផងដែរ ដែលតម្លៃលក់គឺតាមដើមតូចឬធំ ដូចជាបើដើមកំពស់ ៦តឹក មានតម្លៃ១ដុល្លារ កម្ពស់ ៨តឹក ទៅ១ម៉ែត្រមានតម្លៃ១,៥០ដុល្លារ និងបើទិញច្រើនរាប់ពាន់ឬរាប់ម៉ឺនដើម តម្លៃអាចនិងបញ្ចុះបានខ្លះទៀត។

ចំពោះការដាំដុះថែទាំវិញ ដើមក្រញូងហាយណាន មិនពិបាកដាំដុះឡើយ គេអាចដាក់ជីធម្មជាតិ គឺប្រើជីសេរីរាង្គធម្មតា និងស្រោចទឹកជារៀងរាល់ថ្ងៃ និងបើវាមានអាយុជាង១ឆ្នាំហើយនោះ គឺវានិងលូតលាស់ល្អមិនងាប់នោះឡើយ។ ចំណែកទីផ្សារលក់ដូរមិនលំបាកលក់នោះទេ ទាំងទីផ្សារនៅក្នុងស្រុក និងទីផ្សារកៅប្រទេសសុទ្ធតែត្រូវការទាំងអស់។

ចំណែកក្នុងកសិដ្ឋានរបស់លោកក៏មានបណ្ដុះកូនល្មើជាច្រើនពាន់ដើម សម្រាប់ដាំខ្លួនឯងផង និងលក់ចែកជូនទៅតាមតម្រូវ ការរបស់អតិថិជនដែលចង់បានកូនល្មើយកទៅដាំនៅតាមចម្ការរបស់បងប្អូនបានផងដែរ ដោយតម្លៃក្នុងមួយដើម ៧ដុល្លារ បើយកច្រើនអាចចរចារតម្លៃគ្នាបានទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ម្ចាស់កសិដ្ឋានក៏បានអំពាវនាវដល់ប្រជាកសិករសូមជួយ ចូលរួមដាំដុះដើមក្រញូងដ៏មានតម្លៃខាងលើនេះ នៅតាមមូលដ្ឋានរបស់បងប្អូន ដើម្បីឱ្យប្រទេសកម្ពុជាយើងសម្បូរឡើងវិញនៅព្រៃឈើធម្មជាតិ ពិសេសឈើប្រណិតគ្រប់ប្រភេទ ទុកសម្រាប់ក្មេងជំនាន់ក្រោយ និងម្យ៉ាងដើម្បីរួមគ្នារបង្កើតនូវបរិស្ថានធម្មជាតិឱ្យមានភាពស្រស់បំព្រងនៅក្នុងទឹកដីនៃប្រទេសកម្ពុជារបស់យើង។

ការដាំដើមក្រញូងហាយណាន ដ៏មានតម្លៃនេះ ក៏អាចរកចំណូលបានចើ្រន ដើម្បីផ្គង់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ដូច្នេះបើមានចំណាប់អារម្មណ៍អាចមកទំនាក់ទំនងកសិដ្ឋានបៃតង តាមអាស័យដ្ឋានខាងលើ ឬក៏ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០៧៦ ៣៣ ២៣ ២៣ ៣ និង ០៧៧ ៩៩៥ ៦២៨៕