(កណ្ដាល)៖ លោក កន សុខកាយ ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា ដែលត្រូវតែងតាំងជាអភិបាលរងខេត្តក្រចេះ។ ប្រធានគណបក្សស្រុកថ្មី បានប្ដេជ្ញាថាដាក់ចិត្ត ដាក់កាយបម្រើពលរដ្ឋឱ្យបានល្អជាទីបំផុត និងស្មោះត្រង់ចំពោះបក្ស ជាតិមាតុភូមិកម្ពុជា។

ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត។

លោក ម៉ៅ ភិរុណ បានក្រើនរំលឹកដល់ប្រធានគណបក្សប្រជាជនស្រុកល្វាឯម ដែលទើបតែងតាំងថ្មី ព្រមទាំងសមាជិកសមាជិកាគណបក្សស្រុកគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារគ្រប់ពេលវេលា និងមិនត្រូវធ្វេសប្រហែសជាដាច់ខាតក្នុងការងារដឹកនាំកសាងស្រុក ឲ្យមានការរីកចម្រើនសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

លោក ម៉ៅ ភិរុណ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សស្រុកទាំងអស់ត្រូវមានរបៀបរបបធ្វើការងារច្បាស់លាស់ ត្រូវមានរបបប្រជុំ របបរាយការណ៍ និងសុំយោបល់ និងត្រូវចេះរៀបចំផែនការការងារជាក់លាក់ ក្នុងការងារដឹកនាំរបស់ខ្លួន ជាពិសេសអាជ្ញាធរស្រុក ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបង្កើនការពារសន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀតផងដែល។

លោកបានគូសបញ្ជាក់ថា មន្ត្រីបក្សទាំងអស់ដាច់ខាតត្រូវមានសាមគ្គីគ្នាឯកភាពផ្ទៃក្នុង រួមគ្នាធ្វើការងារដើម្បីគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តចុះមូលដ្ឋានជាប្រចាំគ្រប់ទីកន្លែង ត្រូវចេះសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

ក្នុងឱកាសនោះ លោក កន សុខកាយ ដែលទើបតែបានតែងតាំងជាប្រធានគណបក្សស្រុកល្វាឯម បានឡើងប្ដេជ្ញាចិត្តថា និងបម្រើប្រពលរដ្ឋឲ្យបានល្អប្រសើរ នឹងខិតខំអនុវត្តន៍ឲ្យបាននូវរាល់គោលការណ៍ និងបទបញ្ជានានាដែលថ្នាក់លើប្រគល់ជូនឲ្យបានជោគជ័យ៕