(ស្វាយរៀង)៖ លោក ចាន់ បុលបុត្រ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរ សមាជិក សមាជិការ គណបក្សត្រូវបន្តរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងដោះស្រាយនូវទុក្ខលំបាកជូនពលរដ្ឋដូចជាផ្តល់ស្បៀង គ្រឿងឧបភោគ បរិភោគដល់គ្រួសារជួបការខ្វះខាតនៅគ្រាដែលពិភពលោក និងប្រទេសកម្ពុជា កំពុងមានការរាតត្បាតពីជំងឺកូវីដ-១៩នេះ។

ការអំពាវនាវបែបនេះ របស់លោក ចាន់ កុលបុត្រ បានធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់ឃុំពងទឹក និងគណបក្សឃុំ ដើម្បីត្រួតពិនិត្យលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងកែសម្រួលសមាសភាពក្រុមការងារចុះជួយភូមិ ព្រមទាំងប្រកាសសេចក្តីសម្រេចចាត់តាំងអនុប្រធាន និងសមាជិកក្រុមការងារថ្មី។

លោក ចាន់ កុលបុត្រ បានផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររបស់រាជរដ្ឋភិបាល ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ និងលោកស្រីកិត្តិសង្គហបណ្ឌិតតែងតែគិតគូរជានិច្ច ពីសុខទុក្ខសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿសាសនា ពណ៌សម្បុរនោះឡើយ។

លោកបានបន្ថែមទៀតថា យើងពិតជាដឹងហើយថាបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរក្នុងនោះត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងពាក់ម៉ាស់នៅពេលធ្វើដំណើរទៅទីប្រជុំជន នៅឱ្យយឆ្ងាយពីគ្នាចាប់ពី២ម៉ែត្រឡើងទៅ។

លោកបានបន្ថែមទៀតថាមិនតែប៉ុណ្ណោះក្រុមការងារក៏ដូចជាក្រុមប្រឹក្សាឃុំត្រូវជម្រុញពលរដ្ឋឲ្យអនុវត្តន៍ការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា៖ អង្ករ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះ នៅតែអូសបន្លាយ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតផងដែរ។

សូមបញ្ជាក់ថា នៅកិច្ចប្រជុំនេះក៏បានបង្កើតមូលនិធិក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ក្នុងគោលបំណងដើម្បីកៀងគររកថវិកា ក្នុងការជួយដល់ពលរដ្ឋដែលជួបប្រទះនូវការលំបាកខ្វះខាត និងជួយដល់ប្រជាពលរដ្ឋដែលទទួលមរណភាព និងបានថវិកាឧបត្ថម្ភពីក្រុមការងារផងដែរ៕