(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាសមាជិករដ្ឋសភា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ បានប្រគល់ជូនផ្ទះ ១ខ្នង ដល់គ្រួសារក្រីក្រ ឈ្មោះ សូ យាំ ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ វង់ នី អាយុ២៤ឆ្នាំ មានកូនក្នុងបន្ទុក ០៣នាក់ ស្រី០២នាក់ ដែលរងគ្រោះដោយភ្លើងឆេះកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលបានសាងសង់រួចប្រគល់ជូននៅពេលនេះមានទំហំ ៦ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដីសសរឈើជញ្ជាំង និងដំបូលប្រក់ស័ង្កសី រនាបក្រាលក្តារ ដោយចំណាយថវិកាអស់ចំនួន ៧លាន ៧៥ម៉ឺនរៀល ជាការចំណាយរបស់លោក ឃឹង នុភាព និងក្រុមការងារស្រុក។ ជាមួយនិងការប្រគល់ផ្ទះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ កាលណាមានអគ្គីភ័យកើតឡើងធ្វើឲ្យខូចខាតរបស់យើង និងអាចដល់ទ្រព្យសម្បត្តិអ្នកដទៃថែមទៀតផង ដូច្នេះ សូមពិនិត្យឲ្យបានច្បាស់លាស់មុនទៅណាមកណា ពិសេសភ្លើងចង្ក្រាន្ត ឬភ្លើងធូបជាដើម។

ក្នុងនោះដែរ លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដែលបានផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឃឹង នុភាព ក៏សំណូមពរដល់បងប្អូនពលករសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង ដើម្បីសុវត្ថិភាពសុខភាព សម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រសិនបើមានបញ្ហា ឬសង្ស័យលើសុខភាពមិនប្រក្រតីសូមរាយការណ៍ដល់អាជ្ញាធរ ឬទៅមណ្ឌលសុខភាព ត្រូវសម្អាត និងរក្សាអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃមុនពេល និងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

បន្ទាប់មកលោក ឃឹង នុភាពនិងក្រុមការងារបានបន្តអញ្ជើញត្រួតពិនិត្យ និងផ្តល់ថវិកាដើម្បីជួសជុសស្ពាន «អូតាឆុង» ភ្ជាប់ពីឃុំតាំងក្រសៅ និងឃុំស្រើង ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកកសិផលផង។

ជាមួយគ្នានោះលោក ឃឹង នុភាព ក៏បានផ្តល់ថវិកា ៤លាន ៣សែនរៀល សម្រាប់ជួសជុលស្ពាន និងបានផ្តល់ជូនគ្រឿង ឧបភោគ បរិភោគដល់គ្រួសារខ្វះខាតស្បៀង ចំនួន៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី អំបិល និងថវិកាមួយចំនួនទៀត៕