(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីលោកស្រី ង៉ូវ ម៉ីវលួង អគ្គនាយិកាក្រុមហ៊ុនបុរី ផេន សៀរ នូវម៉ាស់ចំនួន២០,០០០ និងទឹកអាល់កុលលាងដៃ១,០០០ដប ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការការពារទប់ស្កាត់ជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងអំណរគុណលោកស្រី ង៉ូវ ម៉ីវលួង ដែលបាននាំយកអំណោយម៉ាស និងទឹកអាល់កុលលាងសម្អាតដៃ ឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការការពារ ទប់ស្កាត់ជំងឺ Covid-១៩ នៅខេត្តព្រះសីហនុ។

លោកថា «សកម្មភាពមនុស្សធម៌របស់សប្បុរសជន បានចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ Covid-១៩ ទទួលបានលទ្ធផលល្អ ធ្វើឱ្យជំងឺ Covid-១៩ មិនមានការឆ្លងក្នុងសហគមន៍ប្រជាពលរដ្ឋ គឺមានតែការចម្លងមកពីខាងក្រៅ»

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំ ងឺCovid-១៩ បានទាន់ពេលវេលា ដោយធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសការចូលរួមអនុវត្តវិធានការរបស់ក្រសួសសុខាភិបាល ប្រកបដោយប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អ៕