(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រជុំជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំមូលដ្ឋានស្រុកទាំងពីរ ដើម្បីត្រួតពិនិត្យនិងបន្តដោះស្រាយបញ្ហា និងសំណូមពរមួយចំនួនជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក ថោង ខុន លើកឡើងនូវការជំរុញការធ្វើកសិកម្មនៅមូលដ្ឋានឱ្យបានផុសផុល ដើម្បីកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីខាងក្រៅ និងជួយផ្គត់ផ្គង់ប្រចាំថ្ងៃស្របពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ ដោយលោកបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានចុះលើកទឹកចិត្ត និងជួយជាមធ្យោបាយនានាជូនប្រជាកសិករ ដើម្បីឱ្យការបង្កបង្កើនផលមានកាន់តែច្រើន សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋក្នុងប្រទេសមានស្បៀងអាហារគ្រប់គ្រាន់ ក្នុងនោះលោកបានបញ្ជាឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាទឹកស្រោចស្រពជូនប្រជាពលរដ្ឋមុនគេ។

លោកបានជំរុញឱ្យជួយត្រួតពិនិត្យអត្តសញ្ញាណបណ្ណជនក្រីក្រក្នុងដំណាក់កាលជំងឺកូវីដនេះឲ្យបានត្រឹមត្រូវដើម្បីឱ្យពួកគាត់ឆាប់ទទួលបានការជួយទំនុកបម្រុងពីរាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយរួចហើយនោះ។

ក្រៅពីនេះ ក្រុមការងារតាមឃុំ-ភូមិនីមួយៗក៏ត្រូវបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ពិសេសត្រូវបន្តជញ្ជ្រុំការងារទប់ស្កាត់ជំងឺកូវីដនៅមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដាច់ខាតកុំលែងដៃឱ្យសោះ។

អ្វីដែលសំខាន់ទៀតនោះ ក្រុមការងារគណបក្សប្រចាំមូលដ្ឋាន ទាំងថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិក៏ត្រូវបន្តការងារពង្រីកសមាជិក និងកសាងគណបក្សឱ្យរីកចម្រើនបន្តទៀត ពិសេសត្រូវខិតខំកសាងសមាជិកឱ្យបាន យ៉ាងតិច ៧០% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

មួយវិញទៀត អង្គប្រជុំក៏បានប្រកាសសមិទ្ធផលថ្មីមួយទៀត នោះគឺផ្លូវលំទៅកាន់ភូមិគោកត្របែក ដែលជាភូមិដាច់ស្រយាលនៅជិតតំបន់ទំនាបបឹងទន្លេសាបនោះជិតសម្រេចបាន ១០០% ហើយ ពោលគឺនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះនឹងសម្រេចជាស្ថាពរហើយ៕