(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាពពលរដ្ឋរងគ្រោះធម្មជាតិ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងអភិបាលរងខេត្ត ក្រុមការងារកាកបាទក្រហមខេត្ត និងស្រុកក្រូចឆ្មារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទះសម្បែងត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាត ចំនួន២២គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ នៅបរិវេណអនុវិទ្យាល័យឈូក។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពោល «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា គឺនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីនោះឡើយ»

លោកអភិបាលខេត្តបន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនឱ្យនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមឱ្យបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើឱ្យកម្រិតជីវភាព បានប្រសើរឡើងវិញ។ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឱ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។

ចំពោះអំណោយនាំយកទៅចែកជូនពលរដ្ឋរងគ្រោះទាំង ២២គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អាល់កុល និងថវិកាចំនួន ១០ម៉ឺនរៀល សម្រាប់ ១៣គ្រួសារ ផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិកា ០៥ម៉ឺនរៀល សម្រាប់ ០៩គ្រួសារ ផ្ទះរងការខូចខាតតិចតួច៕