(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sem Tony ក្រោយបង្ហោះថា «ទុកម៉ូតូនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់តែ១យប់១ថ្ងៃ បាត់គ្រឿងម៉ូតូអស់ហើយ ទាំងបូមមុខ បូមក្រោយ បេនស៉ីម៉ាំង និយាយរួមមកគឺគ្រឿងសំខាន់អស់រលីងហើយ»

ក្រោយមានការបង្ហោះបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៅព្រឹកថ្ងៃ បានកោះហៅឈ្មោះ សែម តូនី ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sem Tony បង្ហោះព័ត៌មានមិនពិត ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺនូវអ្វីដែលខ្លួនបានផុស ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ មកលើសមត្ថកិច្ច ជាពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សែម តូនី បានសារភាព និងទទួលកំហុសដែលខ្លួនបានផុសព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ។ បុគ្គលរូបនេះ ក៏បានថតជាវីដេអូឃ្លីប ដើម្បីសុំទោសជាសាធារណ:នូវកំហុសដែលខ្លួនបានប្រព្រឹត្តិ និងសុំការយោគយល់ លើកលែងទោសពីសមត្ថកិច្ចផងដែរ។ បុគ្គលរូបនេះក៏បានធ្វើកិច្ចសន្យាថា «ចាប់ពីពេលនេះតទៅ គឺឈប់ផុសរឿងមិនពិតទៀតហើយ»

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨៖៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងភ្ជង់ប្លន់យកកាបូបប្រាក់ និងជួញដូរគ្រឿងញៀន) និងកាន់កាប់អាវុធដោយខុសច្បាប់។

ក្នុងនោះមាន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានឈ្មោះ៖

*ទី១៖ ឈ្មោះ ហុក ណារិន ភេទប្រុស អាយុ២៩ឆ្នាំ
*ទី២៖ ឈ្មោះ ហ៊ាន ប្រឹមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ និងបានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1E-2965 (ទាំង០២នាក់នេះ គឺជាបងប្អូនជីដូនមួយនឹងគ្នា)។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចធ្វើការស្រាវជ្រាវជាលទ្ធផលឈ្មោះ ហុក ណារិន មានការពាក់ព័ន្ធនឹងការសមគំនិតក្នុងការជួញដូរគ្រឿងញៀន ដោយឡែកម្នាក់ទៀតឈ្មោះ ហ៊ាន ប្រឹមប្រិយ (ឃាត់ខ្លួនក្នុងរង្វង់កិច្ចប្រតិបត្តិការ) មិនមានជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀនទេ។

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចក៏បានធ្វើការអប់រំព្រមទាំងឲ្យអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ ព្រមទាំងប្រគល់ម៉ូតូឲ្យសាម៉ីខ្លួន ហើយបានពិនិត្យម៉ូតូ ព្រមទាំងនិយាយប្រាប់ថាមិនមានបាត់អីទេ ក៏បានយកម៉ូតូជិះចេញបាត់ទៅ៕