(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ អណ្តូងទឹកចំនួន១២ជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ត្រូវបានផ្តល់ជូនប្រជាកសិករសហគមន៍កងវ៉ា សម្រាប់ប្រើប្រាស់បំពេញតាមតម្រូវ ស្រោចស្រពដំណាំ តបតាមការសំណូមពររបស់ប្រជាកសិករ និងអណ្តូង៣ ទៀតផ្តល់វត្តកងវ៉ា ១អណ្តូង កងរថក្រោះ២អណ្តូង និងកងការពារអាកាស ១អណ្តូងភ្នំកងវ៉ា សម្រាប់ប្រើប្រាស់ក្នុងអង្គភាព។

ពិធីប្រគល់ជូនអណ្តូងទឹកនេះធ្វើឡើងក្រោមអធិបតីលោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាកសិករក្នុងសហគមន៍បន្លែសុវត្ថិភាពកងវ៉ា ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

នាឱកាសនោះលោក អ៊ុ រាត្រី ក៏បានបន្តជំរុញដល់បងប្អូនកសិករក្នុងសហគមន៍បន្លែសុវត្ថិភាព ក៏ដូចជាកសិករទូទាំងខេត្តទាំងមូល ត្រូវខិតខំបន្តការដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ក្នុងស្រុក ដោយបច្ចុប្បន្នទីផ្សារបន្លែនៅក្នុងស្រុកកំពុងមានតម្រូវការទីផ្សារច្រើន។ ទន្ទឹមនឹងនោះ ខេត្តក៏នឹងមានរៀបចំឲ្យមានផ្សារបន្លែមសុវត្ថិភាពនៅចំកណ្តាលក្រុង ដែលបងប្អូនអាចយកបន្លែបង្កា ដែលដាំដុះបានយកទៅយកលក់ ពិសេសគឺផ្តោកលើបន្លែសុវត្ថិភាពគ្មានជាតិគីមី។

លោកបានលើកឡើងបន្តថា ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាល ពិសេសនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានផ្តល់ជាអណ្តូងទឹកនេះ ជូនដល់សហគមន៍ ប្រើប្រាស់ស្រោស្រពដំណាំទាំងរដូវប្រាំង និងវស្សា ដែលកម្លាំងទឹកទាំង១២អណ្តូងនេះ អាចផ្គត់ផ្គង់បានលើផ្ទៃដី២៣ហិចតា ទូទាំងសហគមន៍ ងាយស្រួលដល់បងប្អូនក្នុងការដាំដុះ។

លោកអភិបាលខេត្ត ក៏បានធ្វើផ្សព្វផ្សាយពីមូលនិធិរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ក្នុងការជួយដល់បងប្អូនដែលចង់ពង្រីងការដាំដុះបន្ថែមតែពុំមានថវិកា អាចខ្ចីបានពីមូលនិធិ ក៏ដូចជាធនាគាអភិវឌ្ឍន៍ជនបទដោយគិតការប្រាក់ទាប់បំផុត។

លោកបន្តថា កន្លងមកមានផ្សព្វផ្សាយព័ត៌មានមិនពិតថា មូលនិធិនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន គិតការប្រាក់ខ្ពស់ជាងធនាគារ និងមីក្រូហរិញ្ញវត្ថុផ្សេងៗដែលបានធ្វើឲ្យបងប្អូនមានការភ័ន្តច្រលំ។ ទាក់ទងទៅនិងព័ត៌មាននេះ សូមបងប្អូនកុំជឿរទៅលើការផ្សព្វផ្សាយព័ត៌មាននេះ គឺមិនពិតនោះទេ ពោលគឺមូលនិធិនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី គិតការប្រាក់ទាប់បំផុតសម្រាប់ជួយដល់បងប្អូនកសិករខុសពីធនាគា និងមីក្រូហរិញ្ញវត្ថុផ្សេងៗ។

បើតាមការបញ្ជាក់ពីលោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងថា អណ្តូងទឹកដែលបានផ្តល់ជូននេះសរុបមាន១៦អណ្តូង ដែល១២អណ្តូង ផ្តល់ជូនសហគមន៍, ២អណ្តូងផ្តល់ជូនកងរថក្រោះភ្នំកងវ៉ា, និង២អណ្តូងទៀត ផ្តល់ជូនកងការពារអាកាស និងវត្តកងវ៉ា។ អណ្តូងដែលជាអំណោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ក្រោមការមើលការខុសត្រូវ ដោយក្រសួង និងមន្ទីអភិវឌ្ឍជនបទខេត្ត។

ប្រធានមន្ទីក៏បានបញ្ជាក់បន្ថែមថា អណ្តូងទាំង១២អណ្តូង ក្នុងសហគមន៍នេះអាចស្រោចស្រពលើផ្ទៃដី២៣ហិកតា ហើយអណ្តូងនីមួយៗមានជម្រៅចន្លោះពី១៤ទៅ៥២ម៉ែត្រ ធារទឹក(កម្លាំងទឹកហូចេញ)ពី២.៥ ទៅ១០ម៉ែត្រគីប ក្នុងមួយម៉ោងអាចស្រោចស្រពពេញមួយរដូវប្រាំង និងរដូវស្សា៕