(កំពង់ធំ)៖ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងបានចុះពិនិត្យមើលផ្លូវកំពង់ស្ថាបនាផ្លូវដីក្រាលគ្រួសក្រហមជាង២០គីឡូម៉ែត្រ, ប្រព័ន្ធលូ ៥កន្លែង និងស្ពាន១កន្លែង ដើម្បីដោះស្រាយបញ្ហាលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅក្នុងភូមិត្រឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសចុះពិនិត្យមើលការស្ថាបនា និងជួសជុលហេដ្ឋារចានសម្ព័ន្ធផ្លូវថ្នល់នោះលោក វណ្ណៈ សោភានិត បានលើកឡើងថា ពីដើមឡើយការធ្វើដំណើររបស់ប្រជាពលរដ្ឋ មានការលំបាកដោយសារផ្លូវនេះជាផ្លូវរទេះ ខ្សាច់ឆ្លងកាត់អូរ ហើយជាតំបន់ចុងកាត់មាត់ញ៉ក (ក្នុងព្រៃ) ដែលបងប្អូនជនជាតិភាគតិច «គួយ» គាត់រស់នៅ។ ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ធនធានមនុស្សជាដើម។

ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយស្ថានាផ្លូវនេះឡើង ដើម្បីសម្រួលការធ្វើដំណើរ និងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សូមចូលរួមសហការ ក្នុងការរៀបចំប្រព័ន្ធលូរំដោះទឹកអមផ្លូវ និងយកចិត្តទុកដាក់ថែរក្សាផ្លូវ ដើម្បីមាននិរន្តរភាពប្រើប្រាស់បានយូរអង្វែងព្រោះមានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើន។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឲ្យដឹងថា ផ្លូវដែលកំពង់ស្ថាបនានេះជាផ្លូវក្រាលគ្រួសក្រហម និងប្រភេទដីស មានប្រវែង ២០គីឡូម៉ែត្រ និង ៤០០ម៉ែត្រ បាតក្រោម១២ម៉ែត្រ ខ្នងលើ៧ ម៉ែត្រដោយប្រើប្រាស់លូ ៥ កន្លែងនិងស្ពាន១កន្លែងប្រវែង១២ម៉ែត្រ។

លោកបានបន្តថា ផ្លូវដែលស្ថាបនានេះជាគម្រោងស្ថាបនារបស់មូលនិធិស្រុក ឃុំ និងក្រុមហ៊ុន ដោយចេញពីចំណុចផ្លូវជាតិភូមិអណ្តាសដល់ភូមិតាឡែកព្រំប្រទល់ស្រុកសណ្តាន់ ក្នុងនោះ ទី១៖ គម្រោងក្រុមហ៊ុនសម្បត្តិផ្លាធីនឹម ប្រវែង ១០គីឡូម៉ែត្រ លូ២កន្លែង, ទី៖២ គម្រោងក្រុមហ៊ុនលីហួរប្រវែង ៥គីឡូម៉ែត្រ និងទី៣៖ គម្រោងមូលនិធិស្រុក និងឃុំជាគម្រោងសាច់ប្រាក់ពលកម្ម តាមរយៈមន្ទីអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់ឆ្នាំ២០២០ មានប្រវែង ៥ គីឡូ៤០០ម៉ែត្រ លូ ៣កន្លែង ស្ពាន១កន្លែង និងក្រាលគ្រួសក្រហម ១៦០០ ម៉ែត្រ៕