(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ បានប្រគល់ផ្លូវក្រាលកៅស៊ូមានប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន០៣ នៅក្នុងស្រុកពញាឮ រួមមាន៖ ឃុំភ្នំបាត, ឃុំជ្រៃលាស់ និងឃុំឈ្វាំង។

ពិធីប្រគល់ផ្លូវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាប្រជាពលរដ្ឋដែលរស់នៅអមសង្ខាផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។

ក្នុងឱកាសប្រគល់ផ្លូវ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះដែរ លោករដ្ឋមន្ត្រីធនធានទឹក ក៏បានផ្តាំផ្ញើជូនពួកគាត់ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យ ចៀសវាងការប្រមូលផ្តុំគ្នា ដោយរួមគ្នាទប់ស្កាត់នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។

ការងារស្ថាបនាផ្លូវក្រាលកៅស៊ូនេះ បានអនុវត្តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបានរួចរាល់ជាស្ថាពរ និងប្រកាសដាក់ឱ្យដំណើរការនៅពេលនេះ។

នាឱកាសនោះដែរលោក លឹម គានហោ ក៏បន្តអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកពញាឮ ដែលបានធ្វើការសាងសង់ តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ គិតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ៦០ភាគរយហើយ។

លោកថា «សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព»