(ស្វាយរៀង)៖ លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះថា មានកម្មការិនី៤៣នាក់បានដួលសន្លប់កាលពីម្សលមិញ តែខ្លះបានធូរស្បើយចូលធ្វើការវិញហើយ។ តែនៅព្រឹកនេះក៏មានកម្មការិនី៦នាក់ទៀត បន្តសន្លប់ ហើយក្រុមការងារកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក អ៊ូ សាខឿន បានបន្តថា ការដែលនាំកម្មការិនីសន្លប់នេះ ដោយសារកម្មការិនីម្នាក់ មិនស្រួលខ្លួនទៅកោសខ្យល់នៅក្បែរបន្ទប់ទឹក ពេលមកវិញមានអាការៈទន់ដៃទន់ជើង កម្មករដ៏ទៃទៀតឃើញ ដូច្នេះក៏សន្លប់តៗគ្នាទៅ។ តែនេះគ្រាន់ជាព័ត៌មានបឋមទេ គឺត្រូវរង់ចាំលទ្ធផលកាអង្កេតត្រួតពិនិត្យវាយម្លៃពីគណៈកម្មការជាតិស្តីពីការទប់ស្កាត់ករណីសន្លប់តាមរោងចក្រនៅថ្នាក់ក្រសួង។ តែព្រឹកនេះលោកបានចាត់មន្ត្រីឲ្យទៅឈរជើងនៅរោងចក្រនោះហើយ ដើម្បីសម្របសម្រួលទៅលើករណីកម្មការិនីសន្លប់។

សូមបញ្ជាក់ថា កាលពីម្សិលមិញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស «ស្វាយរៀងហ្គីហ្គារីស» នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាបខេត្តស្វាយរៀង មានកម្មការិនីចំនួន៤៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយតាមការអះអាងពីប្រភពខ្លះថា បណ្តាលមកពីមូលហេតុធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើង និងខ្វះខ្យល់អុកស៊ីសែន បង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តង។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាប បានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មការិនី ដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែ មានជះខ្លិនស្អុយសាយភាយពេញអគារ និងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការិនីដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់ នៅរោងចក្រធីវ៉ាយ (ផល្លិតអំពូលភ្លើង)។

ក្រោយពីមានកម្មការិនីដួលសន្លប់ សមត្ថកិច្ចបានឲ្យមិត្តភក្តិធ្វើការជាមួយគ្នា សែងជនរងគ្រោះចេញមកក្រៅអគារ ហើយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន ៣០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ ដើម្បីសង្គ្រោះ ចំណែកជនរងគ្រោះផ្សេងទៀត ដែលនៅក្នុងអគារដែលមានដួលសន្លប់ ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្ន ហើយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ឲ្យចូលមកធម្មតាវិញ។

គ្រូពេទ្យវិញបានឲ្យដឹងថា ក្រោយពីពិនិត្យព្យាបាល និងបន្តោងសេរ៉ូម ជនរងគ្រោះមួយចំនួនបានធូរស្រាលវិញហើយ។ សមត្ថកិច្ចបានសន្និដ្ឋានថា អាចមានក្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើង និងខ្វះខ្យល់ឧកស៊ីសែនដោយអគារធំ គ្មានបង្អួចដើម្បីឲ្យខ្យល់ធម្មជាតិចូលក្នុងអាគារបានល្អ ក៏ប៉ុន្តែករណីនេះមន្ត្រីជំនាញគណៈកម្មការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមការងារអន្តរក្រសួង កំពុងធ្វើការចុះពិនិត្យរកមូលហេតុនេះ ឲ្យបានជាក់លាក់ទើបផ្តល់ជូនជាក្រោយ៕