(កំពង់ធំ)៖ លោក សួន មាងសោភាណ ប្រធានអង្គការ «សហការីវីឃ្លីវកម្ពុជា» បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះស្រឡាញ់គ្ នាដើម្បីសន្តិភាពគ្រួសារ និងសង្គមជាតិ។

អំពាវនាវបែបនេះ របស់លោក សួន មាងសោភាណ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ១១២គ្រួសារ ស្ថិតនៅក្នុងឃុំសាលាវិស័យ និងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កអាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើន។

លោក សួន មាងសោភាណ ជាអង្គការគ្រីស្ទបរិស័ទ ក្នុងស្រុកដែលបង្កើតឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។

លោកបន្តថា អង្គការ «សហការីវីឃ្លីវកម្ពុជា» ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្ រូវស្រឡាញ់គ្នាដើម្បីសន្តិភាពគ្រួសារ និងសង្គមជាតិ ព្រោះថាការស្រឡាញ់ធ្វើឲ្យមនុស្សចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ សូមឲ្យឪពុកម្តាយអប់រំកូនឲ្យធ្វើអំពើល្អចេះគោរពចាស់ទុំ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនជាទំពាំងស្នងប្ញស្សីល្អជួយបម្រើគ្រួសារ និងសង្គមជាតិឲ្យមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខ។ ម្យ៉ាងវិញព្រមទាំងគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។

លោកក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀនកុំឲ្យមានបងតូចបងធំដែលធ្វើឲ្យសង្គមជាតិស្អប់ខ្ពើម និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ពិសេសមន្រ្តីសុខាភិបាលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងចុះផ្សព្វផ្សាយអប់រំពីវិធានការណ៍បង្កាផ្សេងៗដូចជាលាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគំលាតពីគ្នា ដល់បងប្អូនប្រជាពលរដ្ឋដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់បងប្អូនប្រជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ប្រធានអង្គការ សហការីវីឃ្លីវកម្ពុជា ដែលបានជួយឧបត្ថម្ភប្រជាពលរដ្ឋងាយរងគ្រោះក្នុងការូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងសម័យកូវីដ១៩ នេះ។

អំណោយដែលត្រូវចែកជូនបងប្អូនចំនួន ១១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អំបិលនិងថវិកាមួយចំនួនទៀត។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ១១២គ្រួសារ ក្នុងនោះឃុំសាលាវិស័យ ៥៥គ្រួសារ និងសង្កាត់សាមគ្គី ៥៧គ្រួសារ៕