(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងស្វាគមន៍ក្រុមហ៊ុន Daehan Group របស់កូរ៉េ ដែលមានបំណងចង់នាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម (Electric Vehicle) នៅក្នុងប្រទេសកម្ពជា និងបានស្នើឲ្យក្រុមហ៊ុនផ្ដោតជាសំខាន់លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរនៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញយ៉ាងដូចនេះនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Groupប្រចាំកម្ពុជារួមជាមួយនឹងគណៈប្រតិភូ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់មុននឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវការប្រកួតប្រជែង។

លោក Lee JaeHoo បានជម្រាបជូនលោកទេសរដ្ឋមន្ត្រីអំពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់សម្រាប់ធ្វើដំណើរបានចម្ងាយប្រមាណ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី ១,០០០ ទៅ ១,៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានស្នើសុំអនុសាសន៍ និងការគាំទ្រពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មុននឹងនាំចូលនិងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការផងដែរ៕