(ព្រៃវែង)៖ ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែងបានប្រជុំត្រួតពិនិត្យសកម្មភាព និងលើកទិសដៅការងាររបស់ខ្លួនបន្តទៀត ដើម្បីជួយបងប្អូនកម្មករ ពលករ ដែលជួបការលំបាក ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ដែលមាន លោក លោកស្រី ក្នុងក្រុមការងារបក្ស ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារចំណាកស្រុកចំនួន៣៩ នាក់ចូលរួម បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្រោយពីរបាយការណ៍របស់ប្រធានក្រុមលេខាធិការដ្ឋាន និងការចូលរួមយោបល់ពិភាក្សាពីតំណាង តាមក្រុង ស្រុក និងអ្នកចូលរួមមួយចំនួនរួចមក លោកប្រធានអង្គប្រជុំបានធ្វើការបូកសរុបវាយតម្លៃពីលទ្ធផល សកម្មភាព សំខាន់ៗ ដែល ក្រុមការងារសម្រេចបានកន្លងមករួមមាន៖

១.ការចុះជួបសាកសួរសុខទុក្ខ និងផ្តល់អំណោយជាស្បៀង សម្ភារៈចាំបាច់ និងថវិកា ដល់បងប្អូន កម្មករ ពលករចំណាកស្រុក ដែលជួបការលំបាកបាត់បង់មុខរបរ និងការងារ ហើយដែលបានវិលត្រឡប់ មក រស់នៅជាមួយគ្រួសារតាមមូលដ្ឋានភូមិ ឃុំរបស់ខ្លួនវិញ គឺបានធានាដល់ការរក្សា ទំនាក់ទំនង ផ្សារភ្ជាប់ ជាប្រចាំ រវាងក្រុមការងារទាំងអស់ជាមួយពួកគាត់ ផ្តល់ភាពកក់ក្តៅ និងកាន់តែបាន ពង្រឹងជំនឿ ទុកចិត្តរបស់ប្រជាជនមកលើគណបក្ស តាមទិសស្លោក “ទីណាមានការលំបាក ទីនោះ មាន គណបក្សប្រជាជនកម្ពុជា” ។

២.ការចុះជាប់ផ្ទាល់ជាមួយមូលដ្ឋាន ពិសេសការជួបប្រាស្រ័យផ្សារភ្ជាប់ជិតស្និទ្ធជាមួយបងប្អូនដែលរង ផល ប៉ះពាល់ ពីវិបត្តិកូវីដ១៩ បានជួយឱ្យក្រុមការងារគ្រប់ប្រភេទស្វែងយល់កាន់ តែច្បាស់ ពីសុខទុក្ខ ពិតប្រាកដរបស់ប្រជាជន ពិសេសបងប្អូនកម្មករពលចំណាកស្រុក។ ផ្តើមចេញពីនេះ ក្រុមការងារទាំងអស់អាចក្តាប់បានពីស្ថានភាពជាក់ស្តែងនៅនឹងកន្លែង ដើម្បីធ្វើឱ្យជាមូលដ្ឋានសម្រាប់ លើកទឹកចិត្តដល់ភាពម្ចាស់ការ ពុះពារ ដោះស្រាយផ្ទាល់របស់គ្រួសារនីមួយៗ ក៏ដូចជាការចូលរួមចំណែកពីសំណាក់អាជ្ញាធរ ស្ថាប័នសមត្ថកិច្ចជំនាញនានាដល់ការខិតខំរួម ដើម្បីពុះពារដោះស្រាយផលប៉ះពាល់នៃ វិបត្តិកូវីដ១៩។

៣.ឆ្លងតាមសកម្មភាពការងារខាងលើ ក្រុមការងារទាំងអស់សុទ្ធតែបានឆ្លៀតធ្វើការអប់រំសតិអារម្មណ៍ បងប្អូនកម្មករ ពលករចំណាកស្រុក និងក្រុមញាតិគ្រួសារនៅមូលដ្ឋានអំពីស្ថានការណ៍នៃជំងឺកូវីដ១៩ និងវិធានការចាំបាច់ទាំងឡាយ ដើម្បីបង្ការ ទប់ស្កាត់រលកទី២មិនឱ្យមេរោគកូរ៉ូណាឆ្លងចូលសហគមន៍។

ទន្ទឹមនោះ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកល ល្បិចកលពិសពុល របស់មជ្ឈដ្ឋាន អគតិដែលកំពុងបំភ័ន្តសាធារណៈមតិបម្រើមហិច្ឆតានយោបាយតាមបែបប្រជានិយមរបស់ពួកគេជុំវិញផលប៉ះពាល់នៃវិបត្តិកូវីដ១៩ជាអាទិ៍ បញ្ហាជីវភាពរស់នៅ និងបញ្ហាបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ល។
អង្គប្រជុំបានឯកភាពកំណត់ទិសដៅការងារ និងផែនការសកម្មភាពសំខាន់ៗសម្រាប់ពេលខាងមុខគឺត្រូវប្រមូលផ្តុំជំរុញសកម្មភាពចុះជាប់មូលដ្ឋាន ផ្សារភ្ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋជាបន្តទៅទៀត។

ជាមួយគ្នានេះ ក្រុមការងារត្រូវខិតខំយ៉ាងសកម្ម ចូលរួមក្នុងដំណើរការផ្ទៀងផ្ទាត់បញ្ជីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរនៃវិបត្តិកូវីដ១៩ ដោយពិតប្រាកដ៕