(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញទទួលថវិកាដែលសប្បុរសជននានាទាំងក្នុងខេត្ត និងក្រៅខេត្តព្រមទាំងប្រមូលបានពីមន្ទីរអង្គភាពចំណុះខេត្តទាំងអស់សរុបជាលុយខ្មែរ ១១៣,០៤០,០០០រៀល និង៤៧,២១០ ដុល្លារ ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ពិធីប្រគល់ថវិកានេះដែរ បានធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសប្បុរសជននានាទាំងក្នុងខេត្តក្រៅខេត្ត ក្នុងនោះរួមមាន៖ មន្ទីរអង្គភាពជុំវិញខេត្ត ,អភិបាលនៃគណៈអភិបាលក្រុង-ស្រុក ទាំង១១ និងសប្បុរសជនមួយចំនួនទៀតសរុបជិត១០០នាក់។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ា ស្រី ចាន់ថន បានឧបត្តម្ភរថយន្ត TOYOTA HIACE ចំនួន ១គ្រឿង ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកខ្សាច់កណ្តាល និងសម្ភារមួយចំនួនទៀត ផងដែរក្នុងនោះមាន៖ ទឹកលាងដៃ ២០០ដប, ភេសជ្ជៈ ១០កេស, មី ១០កេសធំ ទឹកសុទ្ធ៥០កេស បានប្រគល់ជូនដល់ សាខាកាកបាទក្រហម កម្ពុជាខេត្ត។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោការី លោកឧកញ៉ាជាសប្បុរសជន ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនជួយ ឧបត្ថម្ភជូនសាខា និងសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការ លំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្ត ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយគឺស្របតាមគោលការណ៍ គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍៈចន្ទក្រហម។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃដំបូងក្រោយមានការចេញសេចក្តីអំពាវនាវពីលោកអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តរួចមក រហូតគិតមកទល់ពេលនេះ តួលេខបណ្តោះអាសន្ន មានចំនួនសរុបស្មើនឹង ៣១០,០០០ដុល្លារសហរដ្ឋអាមេរិក។ ចំពោះការទទួលអំណោយជាថវិកា និងសម្ភារៈដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០នេះ សាខាខេត្តនឹងមានការទទួលពីសប្បុរសជននានា ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខផងដែរ៕