(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្ដីជូនដំណឹងថ្មីមួយ ស្ដីពីការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៧ ឆ្នាំ២០២០នេះ ក្រោមប្រធានបទស្ដីពី «ការពិភាក្សាលើម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ចាប់តាំងដើមឆ្នាំ២០២០មក ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសក្នុងប្រទេសដែលពឹងផ្អែក លើវិស័យខាងក្រៅដោយសារតែការធ្លាក់ចុះ
ពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ។

វិបត្តិសុខភាពពិភពលោក ដែលកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ចនេះ បានធ្វើឱ្យមានការផ្លាស់ប្តូរ នូវដំណើរការសេដ្ឋកិច្ច ទំនាក់ទំនង រហូតដល់រចនាសម្ព័ន្ធ សេដ្ឋកិច្ចនៅក្នុង និងក្រោយពេលវិបត្តិ។ ចំពោះកម្ពុជាដោយសារសេដ្ឋកិច្ច មានភាពបើកចំហ និងពឹងផ្អែកខ្លាំងលើវិស័យខាងក្រៅរួមមាន៖ ការនាំចេញផលិតផលវាយនភ័ណ្ឌ, ទេសចរណ៍, សំណង់ និងការវិនិយោគ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០នេះ ក៏ប្រឈមនឹងការថមថយ ដូចបណ្ដាប្រទេសនានា លើពិភពលោកដែរ។

ដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មី នៃសេដ្ឋកិច្ចពិភពលោក តើកម្ពុជាគួរអនុវត្តម៉ូដែល សេដ្ឋកិច្ចបែបណាដែលអាច មានភាពធន់ខ្លាំងនឹងវិបត្តិ និងសម្រេចបានដោយជោគជ័យ នូវគោលដៅដែលបានគ្រោងទុក? ស្ថិតក្នុងបរិការណ៍នេះធនាគារជាតិ បានជ្រើសរើសយក ប្រធានបទស្រាវជ្រាវគោលស្ដីពី «ការពិភាក្សាលើម៉ូដែល អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា» សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៧។

សន្និសីទនេះមានគោលបំណងលើកកម្ពស់ ការស្រាវជ្រាវលើប្រធានបទខាងលើ និងផ្តល់ជាវេទិកាពិភាក្សា ជុំវិញម៉ូដែលអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ ប្រកបដោយចីរភាព ដែលអាចក្លាយជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនាពេលអនាគត៕

សូមអានសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖