(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំ ដោយលោក ម៉ឹង យូឡេង សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩៥គ្រួសារ នៅឃុំទឹកវិល ឃុំស្អាងភ្នំ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

កាយវិការមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លា របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដែលដឹកនាំដោយលោក គង់ សោភ័ណ្ឌ ទទួលបានការសាទរ ជាអនេកក្រោមការ អបអរសាទរពីសំណាក់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ខណៈលើកនេះពលរដ្ឋក្រីក្រនៅស្រុកស្អាង ៥៣គ្រួសារ បានលើកម្រាមដៃ១០ អរគុណដល់កាកបាទក្រហមកម្ពុជា ដែលតែងតែជួយពួកគាត់រាល់ទុក្ខលំបាកទាំងឡាយ តែងតែឃើញមន្ត្រីគណៈបក្សប្រជាជនកម្ពុជា ចុះជួយជានិច្ចដោយមិនទុកឱ្យពលរដ្ឋលំបាកវេទនាឡើយ។

លោក ម៉ឹង យូឡេង ជំនួសឱ្យលោក គង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងអស់ ដោយក្តីនឹករឭក។

លោក ម៉ឹង យូឡេង បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាកទីនោះ មានកាកក្រហមកម្ពុជា ហើយការជួយ គឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

លោកថា អំណោយដែលបានចែកជូន ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹងគ្រួសារជនពិការ គ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយកូនច្រើន គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។

លោក ញឹម វណ្ណឌឹន អភិបាលស្រុកស្អាងបានឱ្យដឹងថា គ្រួសារចាស់ជរាឥតទីពឹង គ្រួសារជនពិការគ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយកូនច្រើន គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុត ដែលបានទទួលអំណោយទាំង ៩៥គ្រួសារ មកពីឃុំព្រែកគយ ឃុំស្អាងភ្នំ ឃុំទឹកវិល ក្នុងនោះរួមមាន៖ គ្រួសារចាស់ជរាឥតទីពឹងចំនួន ១៦គ្រួសារ គ្រួសារជនពិការ ចំនួន០៩គ្រួសារ គ្រួសារស្ត្រីមេម៉ាយកូនច្រើចំនួន ២៣គ្រួសារ អ្នកជំងឺរាំរ៉ៃចំនួន៩គ្រួសារ និងគ្រួសារក្រីក្រចំនួន ៣៨គ្រួសារ ក្នុងនោះអំណោយ ដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ខ្ទឹមស ១កញ្ចប់, ទឹកអាល់កុល ១ដប, ម៉ាស់១០បន្ទះ និងថវិកា ៥០,០០០រៀល៕

ពលរដ្ឋងាយរងគ្រោះជិត១០០គ្រួសារ នៅឃុំចំនួន៣ឃុំ ស្រុកស្អាង ខេត្តកណ្តាល ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា