(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅចំនួន៥ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង និងចាត់ចែងការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

យោងតាមលិខិតផ្ញើជូនប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត, ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ខណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំបន្ថែមដូចខាងក្រោម៖

*ទី១៖ រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាង ក្រៅ រួមមាន៖ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានា ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវពិនិត្យ សម្រេច និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌផ្អែកតាមការកំណត់ដោយលិខិតបទដ្ឋានជាធរមាន ដោយត្រូវប្រើប្រាស់ត្រា និងចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីនីមួយៗ

*ទី២៖ អភិបាលក្រុង ស្រុក ខណ្ឌអាចប្រគល់សិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើលិខិត រដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយករដ្ឋបាលតាមការចាំបាច់ ដោយប្រើប្រាស់ទម្រង់ លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

*ទី៣៖ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌពុំមានសិទ្ធិក្នុងការ សម្រេច និងចុះហត្ថលេខាលើលិខិតរដ្ឋបាលណាមួយ ក្នុងនាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បី ធ្វើទំនាក់ទំនងការងារទៅស្ថាប័នខាងក្រៅបានឡើយ

*ទី៤៖ ប្រធានការិយាល័យ ឬប្រធានអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចធ្វើទំនាក់ទំនង ការងារផ្ទៃក្នុងតាមរយៈលិខិតរដ្ឋបាល (ក្នុងចំណោមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រវាងការិយាល័យ ឬអង្គភាពជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរវាងការិយាល័យជាមួយអង្គភាពក្រោមឱវាទ) និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទម្រង់ បែបបទ នៃការផ្តល់សេវារដ្ឋបាលក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស តាមតួនាទី ភារកិច្ចរបស់ខ្លួន

*ទី៥៖ ដើម្បីធានាដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងទាន់ពេលវេលា អភិបាលក្រុង ស្រុក ខណ្ឌត្រូវកំណត់ក្របខណ្ឌលវេលាជាក់លាក់ សម្រាប់ការពិនិត្យ សម្រេច និងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ។ អភិបាល និងថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌដែលបានទទួលសិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខា លើឯកសារទាំងនេះ ត្រូវអនុវត្តតាមក្របខណ្ឌពេលវេលាដែលបានកំណត់ឲ្យបានម៉ឺងម៉ាត់៕