(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវ មួយខ្សែស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ តាមបណ្ដោយឆ្នេរសមុទ្រក្នុងខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុក ឃុំពាក់ព័ន្ធ។

លោកអភិបាលខេត្ត ជាវ តាយ បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីប្រមូលមតិចូលរួម ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ព្រោះថា ការងារអភិវឌ្ឍន៍អ្វីមួយ ត្រូវមានការចូលរួមគិតចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួលផលប្រយោជន៍ទាំងអស់គ្នា ក្នុងនោះគឺការផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅ ពិសេសប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសហគមន៍នៃតំបន់អភិវឌ្ឍន៍នេះ។

លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ឲ្យដឹងដែរថា បញ្ហាផ្លូវគឺជាការងារអាទិភាព ក្នុងវិស័យអាទិភាពមួយចំនួននៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ពោលគឺមានផ្លូវ មានក្ដីសង្ឃឹម នេះផ្អែកតាមចក្ខុវិស័យដឹកនាំប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង។

លោកអភិបាលខេត្ត បានបន្តទៀតថា គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានការចូលរួមមតិយោបល់ពីជំនាញ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាន និងអវិជ្ជមាន។

លោកអភិបាលខេត្តក៏សូមស្នើដល់ជំនាញ និងអាជ្ញាធរមូលដ្ឋាន មុនពេលចាប់ដំណើរការគម្រោងសាងសង់ផ្លូវនេះ ត្រូវជួបជាមួយប្រជាពលរដ្ឋតាមរយៈសាធារណៈ សំដែងការចូលរួមគាំទ្រ ក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវលើកជាប៉ាណូផ្សាយឲ្យបានទូលំទូលាយ ក្នុងការដ្ឋានសាងសង់ចៀសវាងការយល់ច្រឡំ ពីមតិសាធារណជនវាយតម្លៃពីភាពអវិជ្ជមានណាមួយ មកលើអាជ្ញាធរមូលដ្ឋាន និងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ។

ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មានការគាំទ្រដល់គម្រោងសាងសង់ផ្លូវនេះ តាមរយៈការចូលរួមមតិយោបល់ និងការបង្ហាញពីសារៈប្រយោជន៍ នៃគម្រោងសាងសង់ផ្លូវនេះ ដោយបានលើកជាមតិយោបល់បញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្នុងភូមិព្រែកត្នោតឃុំព្រែកត្នោតស្រុកទឹកឈូនេះនៅពេលសាងសង់រួច គឺជាផ្លូវមានសារៈសំខាន់នាំមកផលប្រយោជន៍ ដល់សាធារណៈទូទៅជាច្រើន។ ពិសេសផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរ និងព្រៃកោងកាង មាត់សមុទ្រពីការរំលោភបំពាននានា មិនតែប៉ុណ្ណោះ ក៏នាំមកនូវជាហេដ្ឋារចនាសម្ព័ន្ធដែលជាសក្ដសនុពល បម្រើដល់វិស័យទេសចរណ៍សម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង៕