(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែង រកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។

លោក ផឹង និល បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារជីភូនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញនិងបាន ប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៣៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់៦មុខ មានដូចជា៖ ទឹកដោះគោ១៦កំប៉ុង តែកញ្ចប់ ២៣កញ្ចប់ ថ្នាំដុសធ្មេញ ៧ប្រអប់ ទឹកក្រូចម៉ាក7up ១២កំប៉ុង និងខ្ទឹមស១កញ្ចប់ ស្មើនឹង៥គីឡូក្រាម (ខូចគុណភាព) ងៀតប្របែល ២គីឡូក្រាម (មានសារធាតុគីមី borax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាព និងស្នើរឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តបន្តទៀតផងដែរ៕