(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរសង្កាត់ទាំង៥ ដើម្បីរកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាន ដែលកំពុងតែប្រឈម នឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច ទូទាំងសកលលោក ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត ក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល លោកតែងតែ ដឹងពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារ និងស្បៀងអាហារ ជាដើម។

លោកបានបន្តថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

គួរបញ្ជាក់ផងដែរថា អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកទៅឧបត្ថម្ភនាពេលនោះ រួមមាន៖ អង្ករចំនួន២តោន ក្នុងមួយសង្កាត់ សរុបចំនួន១០តោន និងថវិកាមួយចំនួនផងដែរ ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរមូលដ្ឋាន ចុះធ្វើសកម្មភាពជួយ ដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ៕