(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយដីដែលរាជរដ្ឋាភិបាលឆ្វៀលជូនប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ នាថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំលោក សុខ ហៃ បានលើកឡើងថា អង្គប្រជុំ និងរក្សានៅកិច្ចសន្យា ការប្រជុំនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដោយមានខ្លឹមសារដូចខាងក្រោម៖

*ទី១៖ ក្រុមការងារខេត្តនឹងបន្តពន្លឿនធ្វើការដោះស្រាយបណ្ដឹងខាងលើ តាមខ្លឹមសារលើលិខិតលេខ ១៤៧៨ ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

*ទី២៖ រដ្ឋបាលខេត្តមានចំណាត់ការជាបន្តបន្ទាប់ ក្រោយពីទទួលបានលិខិតលេខ ១៤៧៨ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដោយបានធ្វើការប្រជុំ និងចុះស្រាវជ្រាវនៅទីតាំងផ្ទាល់ជាច្រើនលើកមកហើយ។

*ទី៣៖ រដ្ឋបាលខេត្តពុំទាន់បានបែងចែកដីដែលសម្ដេចឆ្វៀលឲ្យប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ និងឃុំកំពង់គោស្រុកកំពង់ស្វាយ ជូនដល់គ្រួសារណាមួយឡើយ ហើយក៏ពុំធ្លាប់បានធ្វើផែនទី សម្រាប់បែងចែកដីជូនគ្រួសារណាមួយនោះទេ។

*ទី៤៖ តំណាងប្រជាពលរដ្ឋទទួលស្គាល់ផែនទីបង្ហាញដី ដែលក្រុមការងារចុះស្រាវជ្រាវតាមការចង្អុលបង្ហាញរបស់តំណាងប្រជាពលរដ្ឋ ដែលបានប្ដឹងនៅតំបន់វាលស្រង៉ែឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទំហំ ១,៧៨៥ហិកតា ហើយផ្ទៃដីទំហំ ១,៧៨៥ហិកតានេះ តំណាងប្រជាពលរដ្ឋប្ដឹងសុំយកមកបែងចែកជូនប្រជាពលរដ្ឋចំនួន ៤២០គ្រួសារ ក្នុងតែប្រាំភូមិនៃឃុំផាត់សណ្ដាយ។

*ទី៥៖ រដ្ឋបាលខេត្តនឹងបន្តធ្វើការស្រាវជ្រាវរកបញ្ជីឈ្មោះប្រជាពលរដ្ឋចំនួន ៤២០គ្រួសារ ដែលបានស្នើសុំទៅសម្ដេចក្នុងការឆ្វៀលដី នឹងរកប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលមុនសម្តេចប្រកាសឆ្វៀល ដើម្បីអនុវត្តតាមខ្លឹមសារលិខិតលេខ ១០៤៤ ស.ជ.ណ ចុះថ្ងៃទី២២/០៧/២០១៤ និងលិខិតលេខ ១០០៣ ស.ជ.ណ ចុះថ្ងៃទី០២/០៩/២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាមួយនឹងការលើកឡើងបែបនេះ ក្រុមការងារក៏បានចុះសិក្សាស្រាវជ្រាវឃើញថា មានមន្ត្រីមួយចំនួនបានជាប់ពាក់ព័ន្ធយកដីទាំងអស់នោះទៅជួលឱ្យអ្នកផ្សេង និងចែកជូនកូនចៅរបស់ខ្លួន ដោយមិនចែកឱ្យប្រជាពលរដ្ឋ បានអាស្រ័យផលនោះទេ។

ក្នុងកិច្ចប្រជុំលោក សុខ ហៃ និងក្រុមការងារ នឹងធ្វើការដោះស្រាយឱ្យបានឆាប់រហ័ស និងរក្សាទុកដីដោយមិនមានកាភ្ជួររាស់ ឬក៏អាស្រ័យផលនៅទីនោះទេ៕