(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារ ជីប ម៉ុង សាខាខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមិថុនានេះ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដើម្បីចូលរួមជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្តនេះ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាភាគទុនិក (ម្ចាស់ភាគហ៊ុន) នៃធនាគារ ជីប ម៉ុង លោកឧញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «វត្តមានធនាគារ ជីប ម៉ុង ក្នុងខេត្តបាត់ដំបង នឹងជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ សហគ្រាស និងសិប្បកម្ម ពាណិជ្ជករ កសិករ និងពលរដ្ឋទូទៅ ដើម្បីពង្រីកមុខរបររបស់ពួកគេ ជាពិសេសទទួលបានភាពងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ»។

លោកឧញ៉ា លាង ឃុន មានប្រសាសន៍បន្ថែមថា ធនាគារ ជីប ម៉ុង ក៏ប្តេជ្ញាបន្តអភិវឌ្ឍខ្លួនឲ្យក្លាយជាធនាគារឌីជីថល ដើម្បីបម្រើសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលជូនដល់អតិថិជនទាំងអស់នៅក្នុងខេត្តបាត់ដំបង។

ការបោះជំហានរបស់ធនាគារ ជីប ម៉ុង មកកាន់ខេត្តបាត់ដំបង ដែលជាសាខាទី៨ នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឱ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូនពលរដ្ឋក្នុងខេត្តនេះនូវផលិតផល និងសេវាកម្ម ដ៏សម្បូរបែបដូចជា ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ការទូទាត់ ឬធ្វើចរន្តសាច់ប្រាក់ផ្សេងៗតាមកម្មវិធីទូរស័ព្ទ Bank! Bank!

ព្រមទាំងភ្នាក់ងារធនាគារ ដែលអាចដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ និងទទួលបានកម្ចីយ៉ាងងាយបំផុត។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាងមួយឆ្នាំតែប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានពង្រីកសាខាបាន៨ទីតាំង ភ្នាក់ងារធនាគារ៥០ទីតាំង និងគ្រោងពង្រីកភ្នាក់ងារឲ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ព្រមទាំងម៉ាស៊ីនអេធីអឹម ដាក់ និងដកប្រាក់ជាច្រើនកន្លែងផងដែរ៕