(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលជប៉ុន បន្តផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១លានយ៉េន (ជាង៤១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្ដន៍គម្រោងចំនួន៣។

លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណងនេះ ត្រូវចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា គម្រោងដែលត្រូវអនុវត្តន៍ទាំង ៣នេះ រួមមាន៖

* ទី១៖ អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨លានយ៉េន (ប្រមាណ ៣.២លានដុល្លារ)
* ទី២៖ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២,១៥៣លានយ៉េន (ប្រមាណ ១៩.៨លានដុល្លារ)
* ទី៣៖ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨.៤០លានដុល្លារ)។

ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុនលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕