(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ។

សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ មានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំ ចំនួន ១១១រូប ហើយសម័យប្រជុំនាឱកាសនេះ គឺបន្ដពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ដែលនៅសល់ពីសម័យប្រជុំរដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា រួមមាន៖

* ១៖ ការពិភាក្សានិងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ
* ២៖ ការពិភាក្សានិងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និង សិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ចំពោះលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នាថ្ងៃទី៥ ខែមិថុនានេះ មានដូចខាងក្រោម៖

១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ៖

* សេចក្ដីព្រាងច្បាប់នេះ មាន ៦ជំពូក និង ៤៤មាត្រា
* កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់
* លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់
* សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់នេះ មានលោកស្រី ឡោក ខេង
* អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់ទាំងមូល មានចំនួន ១០៨សំឡេង។

២៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និង វិសោធនកម្មឆ្នាំ១៩៧៩៖

* សេចក្ដីព្រាងច្បាប់នេះ មាន ៣មាត្រា
* លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យ សិក្សាសេចក្ដីព្រាងច្បាប់
* លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់
* សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់នេះ មានចំនួន ពីររូបគឺ លោក ឈាង វុន និងលោកស្រី ឡោក ខេង។
* អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់ទាំងមូល មានចំនួន ១០៦សំឡេង។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖