(ក្រចេះ)៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលអាចនឹងបង្កឡើងសាររថយន្តឈប់ ដោយគ្មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ និងអាចបង្កឡើងដោយការបើកបរម៉ូតូមិនបានប្រុងប្រយ័ត្ន ដែលបានជ្រុលទៅបុកនឹងរថយន្តកំពុងតែឈប់ បណ្តាលឱ្យស្លាប់ខ្លួនឯងនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦៖៥០នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នំ២០២0 នៅលើផ្លូវជាតិលេខ៧ (ក្រចេះ ស្នួល) ចំណុចគីឡូម៉ែត្រលេខ ២៧៤-២៧៥ ស្ថិតនៅភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាកអ៊ិចសិនសេនធរ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះមិនស្គាល់ អត្តសញ្ញាណ ភេទប្រុស បានបើកម៉ូតូទៅបុករថយន្ដកំពុងឈប់ពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង និងអ្នករួមដំណើរចំនួន២ទៀត ភេទស្រី បានស្លាប់នៅកន្លែងកើតហេតុដូចគ្នា។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនរងគ្រោះបានធ្វើដំណើពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ដោយប្រើប្រាសល្បឿនលឿន លុះដល់ចំនុចកើតហេតុខាងលើក៏បានជ្រុះ ទៅបុករថយន្ដពីក្រោយដែលកំពុងឈប់ស្ងៀម ហើយរថយន្ដនោះក្រោយពីកើតហេតុបានបើកទៅបាត់ភ្លាមៗ។

សមត្ថកិច្ចបានបន្ថែមថា ចំណែកសពជនរងគ្រោះត្រូវបានរថយន្ដពេទ្យបង្អែកស្រុក ដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល រីឯម៉ូតូខូចខាត់ធ្ងន់បានយកទៅរក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល៕