(ភ្នំពេញ)៖ រដ្ឋាភិបាលន័រវែស បានអះអាងថា ខ្លួននឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជា ៥លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់សកម្មភាពសម្អាតមីន រយៈពេល ៥ឆ្នាំខាងមុខនេះ។

ជំហរនេះ បានបង្ហាញឡើងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសដែលទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក Zlatko Vezilic ក្នុងបេសកកម្មការងារនៅកម្ពុជា ជាពិសេសការបំពេញបេសកកម្មក្នុងវិស័យសកម្មភាពមីន។ ក្នុងរយៈពេល៤ឆ្នាំ នៃបេសកកម្មការងារនៅកម្ពុជា លោក Zlatko បានទទួលខុសត្រូវលើគម្រោងសកម្មភាពមីន ដែលមានទំហំទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ផ្តោតសំខាន់លើបញ្ហាគ្រាប់បែកចង្កោម ដែលបន្សល់ទុកពីសង្គ្រាមនៅភាគខាងកើត ប្រទេសកម្ពុជា។

គម្រោងនេះ បានរំដោះ និងប្រគល់ដីបោសសម្អាតរួច ជូនប្រជាជនរាប់ពាន់នាក់ ដែលកំពុងរស់នៅអាស្រ័យផលក្នុងសហគមន៍រងផលប៉ះពាល់ ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្រៅពីគម្រោងបោសសម្អាតមីន និងគ្រាប់បែកចង្កោម លោក Zlatko ក៏បានរួមចំណែកក្នុងគម្រោងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអង្គការ NPA ប្រចាំនៅកម្ពុជា ដែលជាលទ្ធផលបានធ្វើឱ្យអង្គការនេះ ក្លាយជាប្រតិបត្តិករសកម្មភាពមីន ដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់។

អង្គការ NPA គឺជាអង្គការដំបូងគេបង្អស់ នៅលើពិភពលោក ដែលបានបណ្តុះបណ្តាលសុនខហិតមីន និងបានជួយដល់មជ្ឈមណ្ឌលស៉ីម៉ាក់លើការការងារបោសសម្អាតមីនដោយសុនខ នៅកម្ពុជា។ ប្រទេសន័រវេស្ស តាមរយៈអង្គការ NPA បេ្តជ្ញាបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានបញ្ជាក់ថាក្នុងរយៈពេល ៥ឆ្នាំខាងមុខ ន័រវេស្សមានគម្រោងផ្តល់ថវិកាប្រមាណ ៥លានដុល្លារសហរដ្ឋអាមេរិក។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្តែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវេស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន ក្នុងគោលបំណងរួមគ្នាឆ្ពោះទៅរកកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ បន្ថែមលើការបោសសម្អាតមីន វិស័យសកម្មភាពមីន ត្រូវរួមបញ្ចូលទាំងការគ្រប់គ្រងព័ត៌មាន ការគ្រប់គ្រងគុណភាព និងការគ្រប់គ្រងវិស័យទាំងមូលប្រកបដោយប្រសិទ្ធភាព៕