(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រសីហុន បានបើកប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាគ្រឿងញៀន ដោយបង្ក្រាបបានចំនួន ២ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន និងឧបករណ៍ពាក់មួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ទីតាំងទាំង ២កន្លែង ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖

*ទីតាំងទី១៖ ស្ថិតនៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ហឿន មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ស្រុកកំណើតនៅភូមិពោអណ្តេីក ស្រុកសំពៅមាស ឃុំរលៀប ខេត្តពោសាធិ៍សាត់ ទីលំនៅបច្ចុប្បន្ន៖ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាង និងសម្ភារចាប់យករួមមាន៖ ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៧កញ្ចប់ (ធំ០១កញ្ចប់) និងទូរស័ព្ទដៃ ០១គ្រឿង។

*ទីតាំងទី២៖ ស្ថិតនៅចំណុចក្រុម៦ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ជួ ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្រុកកំណើតនៅភូមិកំពង់នុង ឃុំកូនសត្វ ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ស្នាក់នៅអូរ៉េវ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាង និងសម្ភារចាប់យករួមមាន៖ ម្ស៉ៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៨ កញ្ចប់ និងទូរស័ព្ទដៃ ចំនួន ០៣គ្រឿង៕