(កំពង់ឆ្នាំង)៖ ផ្លូវថ្នល់ ប្រឡាយទឹក ស្រះទឹក អណ្ដូងទឹក គឺជាភាពចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅកម្ពុជា។ ដោយភាពចាំបាច់ ដើម្បីឲ្យជនបទនៅកម្ពុជាមានការអភិវឌ្ឍ និងចូលរួមកាត់បន្ថយគម្លាតសង្គម រដ្ឋាភិបាលចិន បានផ្ដល់ជំនួយឥតសំណងនូវទឹកប្រាក់ប្រមាណ៨៣លានដុល្លារអាម៉េរិក ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ទឹកប្រាក់ដែលក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានពីរដ្ឋាភិបាលចិន ត្រូវបានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ អប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ អនាម័យ ទឹកស្អាតជាដើម។

តួរយ៉ាងផ្លូវមួយខ្សែដែលកំពុងសាងសង់នេះ គឺជាផ្លូវស្ថិតនៅក្នុងភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រវែង៤.១៥គ.ម និងទទឹងចំនួន ៧ម៉ែត្រ ដោយផ្សាភ្ជាប់ជាមួយភូមិប្រចាក់ ឃុំព្រៃមូល នៃស្រុករលាកប្អៀរ ខេត្តកំពង់ឆ្នាំង។ ដែលស្ថិតនៅក្នុងគម្រោងទី២ ក្នុងចំណោមគម្រោងទាំង៤ របស់ជំហាន២ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជំនួយពីរដ្ឋាភិបាលចិន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។

ធ្លាប់តែជាប្រភេទផ្លូវក្រាលក្រួសក្រហម និងមានភាពតូចង្អៀត នៅពេលខាងមុខ ក្រោយការសាងសង់រួចរាល់ផ្លូវក្នុងភូមិតាលោមួយខ្សែរនេះ នឹងប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)។ ដែលមានភាពរឹងមាំ និងធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទិន្នផល របស់ប្រជាពលរដ្ឋ។ ផ្លូវក្នុងភូមិតាលោនេះ ជាផ្លូវមួយខ្សែស្ថិតនៅក្នុងចំណោមផ្លូវទាំង១៨ខ្សែ របស់គម្រោងកែលម្អផ្លូវជនបទជំហាន២ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រោយការសាងសង់ផ្លូវរួចរាល់ប្រជាពលរដ្ឋនៅក្នុងភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានការរំពឹងថា នឹងធ្វើឲ្យភូមិឃុំនេះ មានភាពអ៊ូអរច្រើនជាងមុន ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ។ ដោសារតែផ្លូវមានភាពធំទូលាយ ងាយស្រួលក្នុងការជិះរថយន្តធ្វើដំណើរទៅកាន់ទីរួមខេត្ត ក៏ដូចជា ឈ្មួញងាយស្រួលក្នុងការចូលមកដឹកជញ្ជូនទិន្នផល ពីប្រជាពលរដ្ឋនៅតំបន់នេះ។

ជាក់ស្ដែងលោកយាយ ប៉ុល សឿម ស្ថិតនៅក្នុងវ័យ៦៧ឆ្នាំ ដែលមានផ្ទះនៅជាប់ផ្លូវដែលកំពុងសាងសង់នេះ បានឲ្យដឹងថា ផ្លូវក្នុងភូមិតាលោ មួយខ្សែនេះ មានភាពតូចចង្អៀត នៅពេលដែលមានរថយន្តទន្ទឹមគ្នា គឺទាមទារឲ្យរថយន្តមួយត្រូវឈប់ស្ងៀម ឬអែមទៅម្ខាង ទើបអាចធ្វើដំណើរបាន។ ដោយឃើញនូវសមិទ្ធផល ផ្លូវមួយខ្សែដែលកំពុងសាងសង់នេះ លោកយាយ ដែលប្រកបរបរជាអ្នកធ្វើចង្អេរខាងលើ ពិតជាមានការរំភើបរីករាយ យ៉ាងខ្លាំង។

លោកយាយ ប៉ុល សឿម បញ្ជាក់៖ «សប្បាយ សប្បាយបានផ្លូវល្អស្រួលជិះកង់ចេញចូល បានជិះម៉ូតូទៅមក វាសប្បាយ វាបានផ្លូវស្រួល បានផ្លូវធំ។ អរគុណហើយកូនអើយ ដែលបានមកធ្វើផ្លូវបានដើរ អរគុណគាត។ យាយអរគុណចិន អរគុណរដ្ឋាភិបាល បានធ្វើផ្លូវឲ្យប្រជាជនដើរស្រួល បើកឡាន ជិះម៉ូតូ ជិះកង់ស្រួល»

ចំណែកឯលោកយាយ ម៉េន ដែលជាពលរដ្ឋរស់នៅក្នុងភូមិតាលោដដែលនេះ ក៏បានបង្ហាញពីក្ដីរំភើប ក្រោយពីផ្លូវបានសាងសង់ជិតរួចរាល់។ លោកយាយថា នៅពេលមានផ្លូវធំទូលាយ នោះនឹងមានអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះច្រើន ដោយមិនចាំបាច់ជិះទៅផ្លូវជាតិលេខ៥ ដើម្បីឡើងទៅកាន់ទីរួមខេត្តកំពង់ឆ្នាំងនោះឡើយ។ ពោលគឺផ្លូវក្នុងភូមិតាលោនេះ អាចនាំពលរដ្ឋទៅកាន់ទីរួមខេត្តបានយ៉ាងងាយស្រួល។

លោកយាយ ម៉េន បញ្ជាក់ថា៖ «វាតូចចង្អៀត ដូចថាម៉ូតូ ឡាន ចេញចូលអីវាពិបាកចៀសគ្នាណាស់។ ដល់បានផ្លូវធំទូលាយចឹង គេមិនចាំបាច់ជិះទៅផ្លូវធំទេ វាធំមែនតែមនុស្សច្រើន គេខ្លាច ម្ល៉ោះហើយគេជិះមកផ្លូវកាត់នេះវិញ។ សប្បាយចិត្តណាស់ បានផ្លូវទូលាយ ហើយម្យ៉ាងទៀត វាអត់សូវខ្លាចប៉ះពាល់ វាចង្អៀត ដល់មកនេះវាទូលាយ ហើយខ្ញុំក៏សប្បាយចិត្ត។ ខ្ញុំសូមអរគុណរដ្ឋាភិបាលចិន ដែលបានជួយផ្លូវមួយខ្សែដល់ខាងខ្ញុំនេះ ខ្ញុំមានសេចក្ដីត្រេកអរយ៉ាងខ្លាំង»

ផ្លូវកៅស៊ូថ្មី ក្នុងភូមិតាលោក ស្ថិតនៅក្នុងគម្រោងកែលម្អផ្លូវជនបទជំហាន២ ដែលគ្រោងអនុវត្តន៍រយៈពេល ៣៦ខែ នៅលើខេត្តចំនួន៦ ដែលមានភាពចាំបាច់ក្នុងការកែប្រែទីជនបទ។ ខេត្តចំនួន៦ នោះមានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។ គម្រោងកែលម្អផ្លូវជនបទជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ គ្រោងធ្វើឡើងនៅលើផ្លូវចំនួន១៨ខ្សែ មានប្រវែងសរុបចំនួន ១១៩,៤៦៧ ម៉ែត្រ ហើយគ្រោងចំណាយទឹកប្រាក់សរុប ប្រមាណ៤០លានដុល្លារអាម៉េរិក។

ទាំងអស់នេះជាការបង្ហាញពីក្ដីរំភើបរីករាយ របស់ប្រជាពលរដ្ឋដែលទទួលបានផ្លូវថ្នល់ថ្មី នៅក្នុងមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិន។ ក្រៅពីការអភិវឌ្ឍផ្លូវក្នុងមូលដ្ឋាន ក្រសួងភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ក៏មានគម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២ ផងដែរ។

គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២នេះ ធ្វើឡើងនៅលើខេត្តគោលដៅចំនួន១០ ដែលរួមមានខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២នេះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ១២លានដុល្លារសហរដ្ឋអាម៉េរិក ដែលជាប្រភេទជំនួយឥតសំណងពីរដ្ឋាភិបាលចិន ដើម្បីចូលរួមអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀតដែលទទួលបានស្រះទឹក ហើយមានរៀបថ្មព័ទ្ធជុំវិញ យ៉ាងស្រស់ស្អាត។ ស្រះទឹកដែលមានបណ្ដោយ៧៥ម៉េត្រ និងទទឹង៣៥ម៉ែត្រ មានជម្រៅប្រមាណ៨ម៉ែត្រ បានផ្លាស់ប្ដូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ឲ្យមានភាពស្រស់បំព្រងសារជាថ្មី។ វត្តមានស្រះទឹក ក្រោមគម្រោងផ្គត់ផ្គង់ទឹកជនបទជំហាន២ របស់ក្រសួងភិវឌ្ឍន៍ជនបទនេះ បានធ្វើឲ្យពលរដ្ឋក្នុងភូមិថ្មី តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទឹកស្អាតប្រើប្រាស់ គ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវវស្សា ទាំងការហូបចុក ធ្វើស្រែចម្ការ និងធ្វើអាជីវកម្មលើទឹកស្រះមួយនេះ។

តាមការឲ្យដឹងពីលោក ពុធ ឃៀន មេឃុំតាំងក្រសាំង នៅមុនពេលទទួលបានស្រះទឹកមួយនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក បានយកទឹកត្រពាំងមកប្រើប្រាស់ក្នុងការរស់នៅ។ បើទោះជាទឹកត្រពាំងនោះ មិនស្អាត ដោយសារមានសត្វចូលលេងយ៉ាងណាក្ដី ព្រោះមូលដ្ឋានរបស់លោកមានផ្នែកមួយចំនួនពិបាកក្នុងការជីកអណ្ដូងប្រើប្រាស់ ដោយសារខ្វះប្រភពទឹក។

មិនតែប៉ុណ្ណោះនៅក្នុងរដូវប្រាំងពលរដ្ឋមិនត្រឹមតែខ្វះខាតទឹកក្នុងការដាំដុះស្រែចម្ការនោះទេ សូម្បីតែទឹកហូប ក៏ពិបាករកដែរ នេះក៏ព្រោះតែទឹកត្រពាំង នៅក្នុងរដូវប្រាំងរីងហួតស្ទើតែអស់។ ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំតាំងក្រសាំងនេះ មានការរំភើបរីករាយយ៉ាងខ្លាំងនៅពេលដែលមេឃុំ បានប្រកាសពីការជីកស្រះទឹកថ្មី ក្នុងមូលដ្ឋានដែលមានប្រជាជនរស់នៅប្រមាណ២,៥០០គ្រួសារនេះ។

លោក ពុធ ឃៀន បញ្ជាក់យ៉ាងដូច្នេះថា៖ «ស្រះទឹកនេះបានផ្ដល់ប្រជាពលរដ្ឋទី១សម្រាប់ហូប ទី២បានជួយពលរដ្ឋក្នុងការងារកសិកម្មលើដំណាំដាំដុះ ដែលគេអាចបូមទឹកយកទៅប្រើ ហើយមានបងប្អូនខ្លះធ្វើជាសិប្បកម្មតូចតាចក្នុងការផលិតទឹកសុទ្ធជាដើម។ ក្រោយពីទទួលបានស្រះទឹកនេះ ខ្ញុំក៏សូមអរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់ និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងម្ចាស់ជំនួយ ដែលបានជួយខិតខំ បានផ្ដល់ស្រះទឹកដល់ប្រជាពលរដ្ឋរបស់យើងខ្ញុំនេះ។ សម្រាប់ប្រើប្រាស់ជាទូទៅតាមភូមិរបស់ខ្ញុំនេះ គឺបងប្អូនណាចង់ប្រើប្រាស់ក៏មកដឹកយកទៅ មិនមានគិតលុយអ្វីទេ»

ក្រៅពីការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់ធ្វើស្រែចំការ ស្រះទឹកដែលទទួលជំនួយឥតសំណងពីរដ្ឋាភិបាលចិននេះ បានជួយបង្កើតការងារដល់ពលរដ្ឋនៅក្នុងមូលដ្ឋាននេះទៀតផង។ តួរយ៉ាងលោកសយ តឿ ជាពលរដ្ឋមួយរូបដែលបានប្រកបរបរដឹកទឹកលក់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវការទឹកស្អាតប្រើប្រាស់ ដែលមិនមានពេលក្នុងការមកបូមទឹកប្រើប្រាស់ដោយផ្ទាល់។

បុរសខាងលើ បានប្រកបរបរនេះប្រមាណ២ឆ្នាំមកហើយ ពោលគឺមុនពេលមានស្រះទឹកទៅទៀត។ តែអ្វីដែលខុសប្លែកនោះគឺ តម្រូវការរបស់ពលរដ្ឋនៅទីនេះមានច្រើនជាងមុន ក៏ព្រោះតែទឹកស្រះស្អាត ហើយការដឹកជញ្ជូនក៏មានតម្លៃទាប។ លោកបានឲ្យដឹងថា កាលពីលោកបូមទឹកត្រពាំងមកលក់ ក្នុងមួយថ្ងៃមានអ្នកទិញប្រហែល៥គោយន្តតែប៉ុណ្ណោះ តែក្រោយពីមានស្រះទឹក មានពលរដ្ឋមូលដ្ឋានទិញទឹកច្រើនជាងមុន ក្នុងមួយថ្ងៃអាចបានចាប់ពី៧ ទៅ១០គោយន្តឯណោះ។ ដោយលោកនៅរក្សាតម្លៃដឹកដដែល គឺក្នុងមួយគោយន្តមានតម្លៃ១ម៉ឺនរៀល។

លោក សយ តឿ បញ្ជាក់ថា៖ «ទឹកស្រះល្អជាងទឹកស្ទឹងទើបយើងមកហ្នឹង។ នៅនេះមិនមានគោចូលទេ នៅត្រពាំងនោះមានគោចូល ហើយនៅនោះវាមានដើមចេក និងស្លឹកឈើធ្លាក់ចូល កាលមុនក្នុងមួយថ្ងៃបាន៥ជើង។ ពេលមកស្រះនេះគេរកច្រើនមួយថ្ងៃបាន៧ជើង ១០ជើងក៏មាន។ ព្រោះទឹកស្រះស្អាតជាង ទើបមានគេប្រើច្រើនជាង»

ជាការពិតណាស់ទឹកស្រះមួយនេះមិនត្រឹមតែបានជួយកសិករឲ្យមានទឹកប្រើប្រាស់នោះទេ តែថែមទាំងបានជួយបង្កើតអាជីព និងការងារថែមទៀត។ ដោយមួយផ្នែកមានប្រជាជនបូមទឹកសម្រាប់លក់ប្រើប្រាស់តាមផ្ទះ និងមួយផ្នែកទៀតពលរដ្ឋដែលជាអ្នកផ្ដល់ដីក្នុងការជីកស្រះនេះ បានទឹកសម្រាប់បង្កើតសិប្បកម្មផលិតទឹកបរិសុទ្ធ ខ្នាតតូចមួយ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។ សិប្បកម្មនេះមិនត្រឹមតែបង្កើនចំណូលដល់ម្ចាស់សិប្បកម្មនោះទេ ថែមទាំងផ្ដល់ឱកាសការងារដល់អ្នកភូមិ ដែលសម្រាកពីការធ្វើស្រែចំការ អាចធ្វើការ និងទទួលបានប្រាក់កម្រៃបន្ថែមទៀតផង។

អ្នកស្រី ឡេង រ៉ាន់ ដែលជាម្ចាស់សិប្បកម្មបានឲ្យដឹងថា ដោយសារតែឃុំ មិនមានដីទំនេរសម្រាប់ជីកស្រះ ទើបអ្នកស្រី និងក្រុមគ្រួសារសម្រេចចិត្តបរិច្ចាកដីស្រែរបស់ខ្លួន ឲ្យឃុំយកមកជីកស្រះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។ អ្នកស្រីបន្តថា ក្រោយពីជីកស្រះរួចរាល់អ្នកស្រីមិនស្តាយក្រោយនោះឡើយ ព្រោះអ្នកស្រីអាចបង្កើតមុខរបរថ្មីសម្រាប់គ្រួសារ ហើយទទួលបានចំណូលច្រើនជាងការធ្វើស្រែនៅលើដីស្រែនោះថែមទៀតផង។
អ្នកស្រី ឡេង រ៉ាន់ បញ្ជាក់៖ «ខ្ញុំមិនមានមុខជំនាញអីទេ ខ្ញុំទើបមានគេឲ្យស្រះទៅ ខ្ញុំក៏ចេះតែរកនឹកដាក់អានេះទៅធ្វើអាជីវកម្មនេះក៏ចេញជាប់រាល់ថ្ងៃ តាំងពីដាក់មកប្រាក់បន្តិចបន្តួច។ វារីកចម្រើនត្រង់ថា វាបានប្រាក់ចំណូលចូលរាល់ថ្ងៃ។ វាមានតាមថ្ងៃ ថ្ងៃណាដែលចេញអីចឹងលក់បាន២០០ ៣០០អី យើងក៏បាន៥០ ៦០ម៉ឺនរៀល»

ដោយទទួលបានទឹកស្អាតប្រើប្រាស់ទូទាំងឃុំ និងបង្កើតការងារមុខរបរបន្ថែមដល់ពលរដ្ឋថែមទៀត។ ជាពិសេស ស្រូវស្រែរបស់ពលរដ្ឋនៅជុំវិញស្រះទឹក នៃចំណងមិត្តភាពកម្ពុជា-ចិន មួយនេះ អាចបង្កបង្កើនផលមួយឆ្នាំ២ដង មិនថាប្រាំង ឬវស្សា។ ពោលគឺមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋនៅទីនេះ មានភាពរីកចម្រើន រីកមុខរីកមាត់ សារជាថ្មី។

ក្នុងនាមជាពលរដ្ឋដែលទទួលបានការអាស្រ័យផលពីទឹកស្រះនេះ អ្នកស្រី ឡេង រ៉ាន់ មិនភ្លេចអរគុណដល់រដ្ឋាភិបាល និងមិត្តចិន ដែលបានជួយឲ្យភូមិ ឃុំ អ្នកស្រីមានភាពស្រស់បំព្រងឡើយ។

អ្នកស្រី ឡេង រ៉ាន់ បន្ថែម៖ «ខ្ញុំមិនមានអីអរគុណ ខ្ញុំមានតែម្រាមដៃដប់ ខ្ញុំសូមលើកអរគុណក្រុមហ៊ុនចិន មិត្តចិន ដែលគាត់បានមកធ្វើស្រះទឹកនៅក្នុងភូមិថ្មី ឃុំតាំងក្រសាំងនេះ បានប្រជាជនដឹកទឹកលក់ បានប្រើទឹកស្អាត ហើយមិនមានផលលំបាកថា ទឹកនេះមានគេបាញ់ថ្នាំនៅលើទំនប់អីទេ។ អីចឹងគេប្រើទៅមិនមានបញ្ហាអ្វីផង ខ្ញុំអរគុណមិនមានអ្វីប្រៀបបានទេ។ ហើយក៏អរគុណដល់ រាជរដ្ឋាភិបាលដែលបានជួយធ្វើស្រះទឹក ជាសហគមន៍នៅក្នុងភូមិថ្មី ឃុំតាំងក្រសាំងនេះ អរគុណដល់សម្ដេចតេជោ ខ្ញុំមានតែម្រាមដៃដប់ សូមអរគុណ»។

គម្រោងផ្គត់ផ្គង់ទឹកស្អាត ជំហាន២ ត្រូវបានធ្វើឡើងរយៈពេល២៤ខែ ហើយគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ១២លានដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានដឹកនាំដោយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ហើយគ្រោងសាងសង់អណ្ដូងស្នប់ចំនួន ៩៦៤អណ្ដូង ជីកស្រះទឹកសហគមន៍ធម្មតាចំនួន ១២ស្រះ និងស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ។

គម្រោងផ្គត់ផ្គង់ទឹកស្អាត ដែលទទួលជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលចិននេះ គ្រោងធ្វើនៅលើខេត្តចំនួន១០ ក្នុងនោះរួមមាន៖ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។ គិតមកដល់ចុងខែឧសភា ឆ្នាំ២០២០ គម្រោងនេះបានសម្រេចចំនួន៣១ភាគរយហើយ។

គួរបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោក អ៊ុក រ៉ាប៊ុន បានទទួលជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ចំនួនទី២លើករួចមកហើយ ដោយគិតជាទឹកប្រាក់ប្រមាណ ៨៣លានដុល្លារអាម៉េរិក។ ដោយជំហាន១ ធ្វើទៅលើគម្រោងចំនួន៣ គម្រោងទី១ គឺការផ្គត់ផ្គង់ទឹកជនបទ ដែលចាប់ផ្ដើមធ្វើនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ហើយបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨។ ដែលចំណាយទឹកប្រាក់អស់ប្រមាណ១២លានដុល្លារអាម៉េរិក។

ហើយគម្រោងទី២ គឺគម្រោង កែលម្អផ្លូវជនបទ ដែលគម្រោងនេះអនុវត្តទៅលើការស្ថាបនាផ្លូវ ដោយក្រាលក្រួសកៅស៊ូ២ជាន់ ប្រភេទ(DBST) មានប្រវែងសរុបចំនួន ៣៥,៤៥៧ ម៉ែត្រ និងស្ពានបេតុងមានប្រវែង១២៥ម៉េត្រ ស្ថិតនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ ដែលបានចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២១ និងចំណាយទឹកប្រាក់សរុបប្រមាណ១១លានដុល្លារអាម៉េរិក។

គម្រោងទី៣ ជាគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសំណាក់កាលទី១ ចំណាយទឹកប្រាក់អស់៩៩ម៉ឺនដុល្លារអាម៉េរិក។ គម្រោងនេះធ្វើទៅលើ២ផ្នែក ដោយផ្នែកទី១ ជាគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដែលមានការបង្រៀនអំពីចំណេះដឹង និងជំនាញវិជ្ជាជីវៈជាដើម។ គម្រោងនេះអនិវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលចំណាយទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាម៉េរិក។ ចំណែកឯផ្នែកមួយទៀត គឺជាគម្រោងការអភិវឌ្ឍសហគមន៍ចម្រុះតាមដងទន្លេរមេគង្គ ដែលចំណាយទឹកប្រាក់ចំនួន៤៩២,០០០ដុល្លារអាម៉េរិក។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានផែនកា និងទំនាក់ទំនងសាធារណៈ ដោយធ្វើទៅលើការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាត បរិស្ថាននៅតាមដងទន្លេរមេគង្គជាដើម។ ហើយគម្រោងនេះក៏ធ្វើលើការបណ្ដុះបណ្ដាលអំពីអនាម័យ ជំនាញ និងមុខរបរថែមទៀតផង។ គម្រោងទី៣ខាងលើ បានបញ្ចប់ជាស្ថាពរ នៅខែឧសភា ឆ្នាំ២០១៩។

ចំណែកឯជំហាន២ ដែលក្រសួងអភិវឌ្ឍន៍ជនបទ កំពុងតែដំណើរការនៅពេលបច្ចុប្បន្ននេះ ធ្វើឡើងចំនួន៤គម្រោង។ ដោយគម្រោងទី១ ធ្វើទៅលើ គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហាន២ ដែលចំណាយទឹកប្រាក់សរុបប្រមាណ១២លានដុល្លារអាម៉េរិក និងចំណាយរយៈពេល២៤ខែ។ គម្រោងផ្គត់ផ្គង់ទឹកស្អាត ជំហាន២ គ្រោងសាងសង់អណ្ដូងស្នប់ចំនួន ៩៦៤អណ្ដូង ជីកស្រះទឹកសហគមន៍ធម្មតាចំនួន ១២ស្រះ និងស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន ៤២ស្រះ។ ហើយគ្រោងធ្វើនៅលើខេត្តចំនួន១០ ក្នុងនោះរួមមាន៖ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។ គិតមកដល់ចុងខែឧសភា ឆ្នាំ២០២០ គម្រោងនេះបានសម្រេចចំនួន ៣១ភាគរយហើយ។

គម្រោងទី២ ជាគម្រោងកេលម្អផ្លូវជនបទ ជំហាន២ ដែលគ្រោងអនុវត្តន៍រយៈពេល ៣៦ខែ ដែលចំណាយទឹកប្រាក់សរុបប្រាមាណ៤០លានដុល្លារអាម៉េរិក។ គម្រោងនេះធ្វើនៅលើខេត្តចំនួន៦ ដែលមានភាពចាំបាច់ក្នុងការកែប្រែទីជនបទ។ ខេត្តចំនួន៦ នោះមានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។ គម្រោងកែលម្អផ្លូវជនបទជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនេះ គ្រោងធ្វើឡើងនៅលើផ្លូវចំនួន១៨ខ្សែ មានប្រវែងសរុបចំនួន ១១៩,៤៦៧ ម៉ែត្រ។

គម្រោងទី៣ ជាគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដំណាក់កាលទី២ ដែលចំណាយទឹកប្រាក់សរុបចំនួន១លានដុល្លារអាម៉េរិក។ គម្រោងនេះធ្វើទៅលើ២ផ្នែក ដោយផ្នែកទី១ ជាគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដែលអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ជនបទ នៅក្នុងទឹកប្រាក់សរុប៥០ម៉ឺនដុល្លារអាម៉េរិក។ ហើយមួយផ្នែកទៀតនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដំណាក់កាលទី២នេះ ធ្វើទៅលើគម្រោងការអភិវឌ្ឍសហគមន៍ចម្រុះតាមដងទន្លេរមេគង្គ។ គម្រោងនេះទទួលបានទឹកប្រាក់សរុបចំនួន៥០ម៉ឺនដុល្លារអាម៉េរិកដូចគ្នា។

ចំណែកឯគម្រោងទី៤ ជាគម្រោងសាកល្បង នៃកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ គម្រោងសាកល្បងនេះធ្វើ ដើម្បីឲ្យប្រជាពលរដ្អាចបង្កើតប្រាក់ចំណូលតាមរយៈការរកការងារដែលសមស្របតាមតម្រូវការទីផ្សារ និងអាចផ្ដួចផ្ដើមគំនិត បង្កើតអាជីវកម្មដោយខ្លួនឯងបាន។ គម្រោងនេះបានអនុវត្តន៍នៅក្នុងភូមិស្វាយអំពារ និងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅក្នុងរយៈពេល៣ឆ្នាំ។ ពោលគឺចាប់ពីខេកក្កដា ឆ្នាំ២០១៧ ដល់ខែកក្កដា ឆ្នាំ២០២០។ គម្រោងសាកល្បងនេះ បានទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលចិនប្រមាណជាង៤លានដុល្លារអាម៉េរិក៕