(ភ្នំពេញ)៖ លោក John Kerry រដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងបំពេញទស្សនកិច្ច នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា នេះបើយោងតាម​សេចក្តីប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់ លោក John Kerry រដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក មកកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាពិសេស អំពីកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នាពេលខាងមុខ ក្នុងទីក្រុង Sunnylands រដ្ឋ California និងដើម្បីពង្រឹងការងារទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា៖ លោក John Kerry នឹងទៅបំពេញនៅប្រទេសស្វីស នៅថ្ងៃទី២០-២២ ខែមករា, ថ្ងៃទី២៣ ខែមករា ទៅកាន់ប្រទេស Saudi Arabia និងថ្ងៃទី២៥ ខែមករា ទៅកាន់ប្រទេសឡាវ, ថ្ងៃទី២៦​ ខែមករា មកកម្ពុជា និងទី២៧ ខែមករា ទៅកាន់ប្រទេសចិន៕

សូមបញ្ជាក់ថា លោក បារ៉ាក អូបាម៉ា ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ផងដែរ៕