(កំពង់ចាម)៖ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក ក្រុងទាំង១០ និងមន្រ្តីដែលត្រូវប្រកាសនាឱកាសនេះ ចំនួន១១៤នាក់ សរុបអ្នកចូលរួមមាន ចំនួន១៧៨នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំមន្ដ្រីនគរបាលទាំងអស់ ដែលទើបត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំបំពេញការងារឲ្យបានល្អជូនអង្គភាព និងតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ទៀតថា មន្ដ្រីនគរបាលទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទោះមានតួនាទីអ្វីក៏ដោយ ត្រូវតែគោរពឲ្យបាននូវវិន័យកងកម្លាំង ហើយប្រសិនបើរកឃើញមន្ដ្រីណាល្មើស នឹងមិនអន់ឱនឲ្យនោះទេ ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីធ្វើគំរូជូនប្រជាពលរដ្ឋ៕