(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងនគរបាលសរុបប្រមាណ១២០នាក់ ដោយមានការចូលរួម ពីកម្លាំងកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងអាជ្ញាធរភូមិឃុំស្រុកជាច្រើននាក់ទៀត បានចុះជួយរៀបចំផ្ទះសម្បែងជូនប្រជាពលរដ្ឋនៅក្នុងឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក្រោយពីរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឲ្យដួលរលំ និងរបើកដំបូលផ្ទះពលរដ្ឋអស់ប្រមាណ៤០ខ្នងរួចមក។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលបន្ទុកសេនាធិការ បានឲ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះផងនោះ បានវាយប្រហារលើតំបន់ខ្លះនៅក្នុងស្រុកសាមគ្គីមានជ័យ ត្រូវរងគ្រោះចំនួន២ឃុំកាលពីល្ងាច និងយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់៤០ខ្នង តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ។

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅក្នុងស្រុកសាមគ្គីមានជ័យ ខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងប៉ះចំ ភូមិមួយចំនួនក្នុងឃុំពាម និងឃុំស្វាយ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណជាង ៤០ខ្នង ក្នុងនោះត្រូវរបើកដំបូលជញ្ជាំង៣៥ខ្នង រលំរាបដល់ដី៥ខ្នង និងរន្ទះបាញ់ងាប់គោអស់៣ក្បាលផងដែរ។

ក្នុងឱកាសដឹកនាំកម្លាំងនគរបាល ចុះជួយប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រាប់ឱ្យដឹងថា នៅពេលដែលមានហេតុការណ៍នៃគ្រោះ ធម្មជាតិខ្យល់កន្ត្រាក់កាចសាហាវនេះ កើតឡើងរួចភ្លាម កម្លាំងប្រដាប់អាវុធយើងទាំងអស់ តែងតែបានសហការជាមួយក្រុម ការងារអាជ្ញាធរ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះជួយជាបន្ទាន់ដោយធ្វើការជួសជុល ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតនេះឡើងវិញ សម្រាប់ផ្តល់ជម្រកជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានទីជម្រកទដល់ពួកគាត់។

ដោយឡែករាជរដ្ឋាភិបាល តាមរយៈកាកបាទក្រហមកម្ពុជា អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយមូលដ្ឋាន នឹងជួយផ្តល់ជាស្បៀង អាហារបន្ទាន់ផងដែរ ជូនពួកគាត់តាមក្រោយជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់ នៅប្រចាំថ្ងៃអោយបានហូបចុកទាន់ពេលវេលា។

ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅខណៈដែលមានភ្លៀងខ្យល់ផ្គររន្ទះគប្បីត្រូវរកទីកន្លែងជ្រកដែល មានសុវត្ថិភាពខ្ពស់ដើម្បីធានាដល់អាយុជីវិតជៀសវាងការជ្រកក្រោមដើមឈើធំៗខ្លាចក្រែងបាក់រលំសង្កត់លើ ឬក៏គ្រោះថ្នាក់ជាយថាហេតុ៕