(ភ្នំពេញ)៖ កូវីដ១៩ មិនត្រឹមតែវាយប្រហារវិស័យឧស្សាហកម្មនៅកម្ពុជាប៉ុណ្ណោះទេ ក៏បានវាយប្រហារយ៉ាងធ្ងន់ធ្ងន់ផងដែរ ទៅលើវិស័យទេសចរណ៍។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍មួយដ៏មានសក្ដានុពលសម្រាប់កម្ពុជា រងការវាយប្រហារយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩។

លោក លី សំរិទ្ធ អភិបាលខេត្ដរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ខេត្តសៀមរាប រងការខាតបង់ថវិកាពីវិស័យទេសចរណ៍ស្ទើរទាំងស្រុង ដោយសារកូវីដ១៩ និងបានធ្វើឲ្យសណ្ឋាគារ ផ្ទះសំណាក់ ប្រមាណជិត២០០ទីតាំង ត្រូវព្យួរការងារ និងបិទទ្វារជាបន្ដបន្ទាប់។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តសៀមរាប» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក លី សំរិទ្ធ បានអះអាងថា ក្នុងចំណោមផ្ទះសំណាក់ និងសណ្ឋាគារ ដែលត្រូវបានព្យួរ និងបិទទ្វារនេះ បានប៉ះពាល់ដល់កម្មករ និយោជិត ប្រមាណជាង១០,០០០នាក់។

អភិបាលរងខេត្តរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការបាត់បង់ ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើយើងធ្លាប់បានប៉ុន្មានវាអស់ប៉ុណ្ណោះ។ វាមិនត្រឹមតែបាត់បង់នូវអ្វីដែលយើងធ្លាប់ទទួលបាននោះទេ អ្នកដែលធ្លាប់ទទួលផលប្រយោជន៍ដូចជា និយោជក កម្មករខាតបង់ច្រើនណាស់ គាត់ទទួលបានតែប្រាក់ឧបត្ថម្ភមួយចំនួនពីរាជរដ្ឋាភិបាលប៉ុណ្ណោះ»

លោក លី សំរិទ្ធ បានអះអាងថា ភ្ញៀវទេសចរឆ្នាំ២០១៩ សរុបមាន៤,២៦២,៣០៦នាក់ ថយចុះ២៧.០២% បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួនសរុប ៥,៨៤០,៥៦២នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥៤៩,៩១៧នាក់ ថយចុះ៧២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបង្ហាញអំពីតួលេខលម្អិត នៃចំនួនភ្ញៀវទេសចរ រយៈពេល៤ខែឆ្នាំ២០២០នេះផងដែរ គ្រាដែលពិភពលោក និងប្រទេសកម្ពុជា ប្រឈមជាមួយជំងឺកូវីដ១៩។

*ខែមករា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តសៀមរាប មានចំនួន ២២២,៥៦១នាក់ ថយចុះ១៧.៨៨ភាគរយ (ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩)
*ខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តសៀមរាប មានចំនួន ១១៨,៩៣៣នាក់ ថយចុះ៥៦.៤៧ភាគរយ (ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩)
*ខែមីនា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តសៀមរាប មានចំនួន ៤២,១៦៩នាក់ ថយចុះ៨២.៦៨ភាគរយ (ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩)
*ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្ដរជាតិមកខេត្តសៀមរាប មានចំនួន ៦៥៤នាក់ ថយចុះ៩៩.៦៤ភាគរយ (ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩)។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានអះអាងទៀតថា សម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារ ដែលរងផលប៉ះពាល់ដោយសារកង្វះភ្ញៀវទេសចរនេះ បានបិទទ្វារអាជីវកម្ម ចំនួន១៨ទីតាំង និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន​ ចំនួន១៧២ទីតាំង។ ក្នុងនោះ បុគ្គលិកបម្រើការដែលរងផលប៉ះពាល់ មានចំនួន១០,៨៥២នាក់។

បន្ថែមពីនេះ ទាំងអភិបាលរងខេត្ត និងប្រធានមន្ទីរ ក៏បានបញ្ជាក់ដូចគ្នាផងដែរ អំពីផែនការជំរុញឲ្យមានចលនាទេសចរក្នុងស្រុក ដើម្បីធ្វើឲ្យវិស័យ
ទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរបណ្ដើរៗឡើងវិញ ជាមួយនឹងការកំហិតឲ្យមានការអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។

គួរជម្រាបថា យោងតាមកិច្ចរបស់ប្រជុំរបស់អង្គការទេសចរណ៍ពិភពលោក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមរយៈវីដេអូ Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ អ្នកជំនាញ និងអង្គការទេសចរណ៍ពិភពលោក បានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជាសមាជិកអាចពិចារណា ក្នុងការដោះស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួមមាន៖

*ដំណោះស្រាយសម្រាប់ប្រជាជន គឺធានាឲ្យបាននូវសុវត្ថិភាព និងសុខភាពល្អប្រសើរដល់ទេសចរ
*ដំណោះស្រាយដើម្បីវិបុលភាព ដោយផ្ដោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មទេសចរណ៍
*ដំណោះស្រាយសម្រាប់គោលដៅទេសចរណ៍ធ្វើយ៉ាងណាឲ្យគោលដៅទេសចរណ៍មានភាពរស់រវើកឡើងវិញ និងកាន់តែរឹងមាំ៕