(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនដល់អ្នកទទួលទានលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចាត់ឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីតលើម្ហូបអាហារមួយចំនួន កំពុងដាក់លក់ក្នុងផ្សារដារ និងផ្សារមេមត់ ក្នុងស្រុកមេមត់ ដោយផ្តោតសំខាន់លើម្ហូបអាហារដែលមានហានីភ័យខ្ពស់ផ្នែកសុវត្ថិភាព និងទំនិញដែលមានស្លាកសញ្ញាមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់។

លោក មាស មោរ៉ា បានឱ្យដឹងថា ជាក់ស្តែងមន្ត្រីសាខាកបបខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តបឋមទៅលើគំរូផលិតផល ណែមសាច់ត្រី និងសាច់ប៉ាតេ ព្រមទាំងត្រួតពិនិត្យទំនិញ ជាគ្រឿងឧបភោគ បរិភោគ ដោយពិនិត្យលើស្លាកសញ្ញាវេចខ្ចប់របស់ផលិតផលមួយចំនួន។

លោកបញ្ជាក់ថា ជាលទ្ធផល ពុំមានវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលណែមសាច់ត្រី និងសាច់ប៉ាតេ ហើយពុំបានប្រទះឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ កំពុងដាក់តាំងលក់ឡើយ។

លោក មាស មោរ៉ា បានបន្ថែមថា ទន្ទឹមនោះ មន្ត្រីជំនាញបានយកគំរូទំនិញដូចជា៖ ដំណាប់អំពិលទុំ សណ្តែកដីកញ្ចប់ ទឹកផ្លែឈើ និងទឹកបរិសុទ្ធផលិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប។

ក្រៅពីនោះមន្ត្រីជំនាញបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវ ទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៏ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យនិងដឹងពីប្រភពឱ្យច្បាស់លាស់ព្រមទាំងដាក់ តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕