(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ កងទ័ពមួកខៀវកម្ពុជាចំនួន៤នាក់ទៀត ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ធ្វើឱ្យចំនួនកើនឡើង១០នាក់ ក្នុងនោះមានស្ត្រី ចំនួន ២នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមិថុនានេះ។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងថា អង្គការសហប្រជាជាតិ បានតម្រូវឱ្យកងទ័ពមួកខៀវកម្ពុជា ដែលមានទំនាក់ទំនង ធ្វើការ និងស្នាក់នៅជាមួយគ្នានឹងអ្នកផ្ទុកមេរោគ COVID-19 នោះ ត្រូវព្យាបាលនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានថ្លែងយ៉ាងដូច្នេះថា៖ «ដោយឡែកនៅតំបន់ហ្គាវ ដែលកងកម្ទេចគ្រឿងផ្ទុះដែលពាក់ព័ន្ធនឹង ៤នាក់នេះ ក្នុងនោះគឺមានស្ត្រីម្នាក់ និងស្លាប់ម្នាក់ ក្នុងចំណោមទាំង៣នាក់ មានម្នាក់ មានសុខភាពល្អធម្មតា ហើយមនុស្ស ២នាក់ទៀត ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យកម្រិត៣ សេនេហ្កាល់ នៅតំបន់បាម៉ាកូ ល្ងាចម្សិលមិញ»

លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងចំណោមកងទ័ពមួកខៀវកម្ពុជា ទាំង១០នាក់ មានផ្ទុកវីរុសកូវីដ១៩ រួមមាន៖ កងទ័ព ៣នាក់ ដែលបម្រើការងារនៅកងវិស្វកម្ម និងមានជាសះស្បើយចំនួន ២នាក់ ដោយឡែកម្នាក់ទៀតកំពុងយកសំណាកពិនិត្យបន្ថែមទៀត។ ហើយនៅកងកម្លាំងកម្ទេចគ្រាប់ ត្រូវបានរកឃើញចំនួន ២កន្លែង គឺនៅតំបន់ទុមប៊ុកទូ កាលពីថ្ងៃទី១០ ខែឧសភា មានសុខភាពធម្មតា រងចាំសំណាកទៅវិភាគម្តងទៀតតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានបន្ថែមទៀតថា នៅតំបន់ហ្គ្រាវ កងកម្លាំងកម្ទេចគ្រឿងផ្ទុះ រកឃើញមានផ្ទុះវីរុសកូវីដ១៩ ចំនួន ៤នាក់ ដែលបានស្លាប់ម្នាក់ គឺឧត្តមសេនីយ៍ទោ ស សាវី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ក្នុងចំណោមទាហានមួកខៀវកម្ពុជា សល់៩នាក់ មាន២នាក់ បានជាសះស្បើយ មនុស្ស ៥នាកមានសសុខភាពធម្មតា និងមនុស្ស២នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកម្រិត៣ សេនេហ្កាល់ នៅតំបន់បាម៉ាកូ ល្ងាចម្សិលមិញ។

លោឧត្តមសេនីយ៍ ផល សាម៉ន បានបញ្ជាក់ថា តំបន់ដែលកងទ័ពមួកខៀវកម្ពុជា កើតជំងឺកូវីដ១៩ ត្រូវបានបែងចែកជា៣ តំបន់ រួមមាន៖ តំបន់ហ្គ្រាវ ជាតំបន់ តំណាងពណ៌ក្រហម, តំបន់ទុមប៊ុកទូ តំណាងពណ៌ទឹកក្រូច និងតំបន់ម៉ប់ទី ជាតំបន់ពណ៌ខៀវ ដែលមិនទាន់មានទាហានណាម្នាក់បានឆ្លងវីរុសកូវីដ១៩ នៅឡើយទេ។ បន្ថែមពីនេះ មន្ត្រីនៅក្នុងតំបន់ទាំងអស់នេះ បាននឹងកំពុងតែធ្វើការងារតាមដានយ៉ាងម៉តចត់បំផុត ព្រោះកងកម្លាំងកម្ពុជា នៅទីនោះ កំពុងបំពេញប្រតិបត្តិការជាមួយកងកម្លាំង មកពីប្រទេសចំនួន ១១ផ្សេងទៀត។ ដូច្នេះ កម្លាំងមួកខៀវរបស់កម្ពុជា នៅតំបន់ហ្គ្រាវ គឺជាកម្លាំងដែលប្រឈមជាងគេក្នុងករណីឆ្លងវីរុសកូវីដ១៩ ដែលតម្រូវឱ្យប្រុងប្រយ័ត្នជាងបំផុត។

គួរជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវកំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី មានចំនួនជិត ៣០០នាក់ បាននិងកំពុងឈរជើងនៅក្នុងតំបន់ចំនួន៦ កន្លែងផ្សេងៗគ្នា រួមមាន៖ តំបន់ទុមប៊ុកទូ, តំបន់ម៉ប់ទី, តំបន់ហ្គ្រាវ, តំបន់ទេសាលី, តំបន់គីដាល់, និងតំបន់ជីវិនទុស។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងធំៗ សរុបជិត ៧៨៧នាក់ ក្នុងនោះនារីចំនួន ៧៦នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៦រួមមាន៖ លីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយ៉េមែន៕