(បន្ទាយមានជ័យ)៖ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំបើកកិច្ច ប្រជុំស្តីពី «សៀវភៅផែនការអភិវឌ្ឍន៍ផែនទី បង្ហាញផ្លូវទេសចរណ៍ ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប»។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តទទួលបន្ទុកផ្នែកទេសចរណ៍ខេត្ត តំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍ ប្រធានមន្ទីទេសចរណ៍ខេត្ត មន្ត្រីជំនាញមកពីមន្ទីទេសចរណ៍ខេត្ត ស្ថិតនៅតំបន់ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប មាន៩ខេត្តរួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តជុំវិញ បឹងទន្លេសាបមាន៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ធ្វើឡើងនៅសាលប្រជុំ (សាលខ) សាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងខេត្ត ស្ថិតនៅតំបន់ភាគពាយ័ព្យ និងជុំវិញបឹងទន្លេសាបឲ្យកាន់តែមានសត្ដានុពល ក្នុងការផ្សព្វផ្សាយ វិស័យទេសចរណ៍ ជាពិសេសក្នុងការ តភ្ជាប់ខ្សែក្រវ៉ាត់តែមួយរវាងខេត្តភាគពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប ក្នុងនោះខេត្តស្ថិតនៅតំបន់ភាគពាយព្យ ឧត្តរ រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តជុំវិញបឹងទន្លេសាបមាន៖ កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ឲ្យកាន់តែល្អប្រសើរ។

លើសពីនោះទៀត នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងទេសចរណ៍ ចុះស្រាវជ្រាវ និងប្រមូលទិន្នន័យ ដើម្បីធ្វើផែនការ អភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍តំបន់ភាគពាយព្យ ឧត្តរ និងតំបន់ជុំវិញបឹងទន្លេសាប នៃប្រទេសកម្ពុជា។

តាមរយៈសៀវភៅ ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍ គឺកាន់តែជំរុញឲ្យខេត្តបន្ទាយមានជ័យ និងខេត្ត ភាគពាយព្យ-ឧត្តរ និងខេត្តជុំវិញបឹងទន្លសាប ឲ្យក្លាយទៅជាសក្តានុពល ថ្មីបន្ថែមទៀត តាមទស្សនទានមាសស មាសបៃតង និងមាស (ផលិតកម្មស្រូវ) មានបឹងទន្លេសាប ដែលសម្បូរទៅដោយមច្ឆាជាតិ ការទស្សនាសត្វស្លាប ភូមិបណ្តែទឹក សម្បទាទេសចរណ៍ផ្សេងៗ និងហេដ្ឋារចនាសម្ពព័ន្ធ ដែលមានការពាក់ព័ន្ធជាខ្សែក្រវ៉ាត់រួមដ៏ល្អប្រសើរ។

ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយបរិយាប័ន្ត គឺរួមចំណែកយ៉ាងសំខាន់ ដល់ការអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ព្រមទាំងរក្សា និងការពារ ក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុនៅកម្ពុជា។

និយាយជារួម ផែនការអភិវឌ្ឍន៍ផែនទី បង្ហាញផ្លូវទេសរ ចរណ៍ពាយព្យ ឧត្តរ និងខេត្តជុំវិញបឹងទន្លេសាប គឺពិតជាកាលានុវត្តភាពថ្មី សម្រាប់វិស័យទេសចរណ៍ សម្រាប់ជាផលប្រយោជន៍ រួមទាំងអ្នកទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីជាប្រទីប នៃផ្នត់គំនិតថ្មីៗ ក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម និងបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរណ៍ក្នុងគោលបំណងដំណើរកំសាន្ត តាមបណ្តាតំបន់ទាំងនេះ នាពេលអនាគត៕