(បាត់ដំបង)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង (ក.ប.ប) បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដីនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅក្នុងផ្សារមោង ក្នុងស្រុកមោងឬស្សី បានដកហូតទំនិញខូចគុណភាព ៣០គីឡូក្រាម យកមករក្សាទុក នៅសាខាដើម្បីទុកដុតកំទេចចោលពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាប ការក្លែងបន្លំបាត់ដំបង បានថ្លែងថា ការចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំង លក់នេះគឺដើម្បីស្វែងរកទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់នៅផ្សារមោងនៅ ស្រុកមោងឬស្សី ដោយបានធ្វើតេស្តបឋមលើមុខទំនិញដូចជា៖ ប្រហិតសាច់គោ មឹកស្រស់ បង្គាស្រស់ និងបានត្រួតពិនិត្យនំទិញដាក់តាំងលក់ក្នុងផ្សារ។

លោក ហាក់ សុខរិន បានបន្ថែមថា ជាលទ្ធផលមិនបានរកឃើញទំនិញផ្ទុកសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែដកហូតទំនិញខូចគុណភាពមាន ទឹកតែបៃតង ១៦គីឡូក្រាម, ទឹកក្រូចចំរុះស្មើ១៤គីឡូក្រាម សរុប ៣០គីឡូក្រាម យកមករក្សារទុកនៅសាខា ដើម្បីដុតកំទេចចោល ពេលក្រោយ។

លោក ហាក់ សុខរិន ក៏បានធ្វើការការណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារទូទៅទាំងអស់រាល់ការលក់ទំ និងគ្រឿងឧបភោគបរិភោគហូបចុកប្រចាំថ្ងៃ សូមកុំលួចដាក់ សាធាតុគីមី ព្រោះវានាំឲ្យខូចសុខភាពយើងទាំងអស់គ្នា ហើយមន្រ្តីជំនាញបានធ្វើការផ្សព្វផ្សារអប់រំសុខភាពដល់អាជីវករ និងអំពាវនាវតាមរយ: ការបិទស្ទិកឃើ នៅនឹងកន្លែងលក់ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ។

នៅក្នុងឱកាសនោះដែរអាជីវករ និងអ្នកប្រើប្រាស់មួយចំនួនធំ បានសាទរចំពោះវិធានការរបស់មន្រ្តីជំនាញបានចុះជាប្រចាំដើម្បីលុបបំបាត់ជាបណ្តើរៗ នូវការលក់ទំនិញ ហូបចុកប្រចាំថ្ងៃដែលមានលាយសារធាតុគីមី និងខូចគុណភាព ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តដល់សមត្ថកិច្ចជំនាញផងដែរ៕