(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២០ តាមរយៈ Online (Zoom Cloud meeting) ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ជាវ តាយ បានកោតសរសើរវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងខេត្ត បានយកចិត្តទុកដាក់ អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ នារយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បណ្ដាមន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ឲ្យបានផុលផុសតាមដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួន។

លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗ ពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗ ពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្ត ដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតសំណូមពរតម្រូវការ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ដែលមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក សម្រេចបាននៅខ្វះចន្លោះ និងមិនទាន់បានធ្វើការវាយតម្លៃឲ្យបានជាក់លាក់ អំពីវឌ្ឍនភាពការងារនៅក្នុងរបាយការណ៍របស់ខ្លួននៅឡើយ ដែលនេះទាមទារឲ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ត្រូវតែកែទម្លាប់បំពេញបន្ថែម៕