(ភ្នំពេញ)៖ សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ជាលើកទី៤ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន ជូនក្រសួងការពារជាតិកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ។ ទន្ទឹមនឹងការផ្តល់សម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្រសួងការពារប្រទេសចិន បានបង្ហាញជំហរមុតមាំជួយកម្ពុជាប្រយុទ្ធនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ រហូតរលាយផុតពីភពផែនដី។

ថ្លែងនៅក្នុងពិធីប្រគល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកវរសេនីយ៍ឯក លី ជីងហ្វឹង ជាអនុព័ន្ធយោធាចិនប្រចាំកម្ពុជា តំណាងឱ្យក្រសួងការពារប្រទេសចិន បានប្រកាសថា ក្រសួងការពារប្រទេសចិនប្តេជ្ញាចិត្តប្រកៀកស្មាជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតជំងឺនេះរលាយបាត់ពីភពផែនដី។

លោកវរសេនីយ៍ឯក លី ជីងហ្វឹង បានថ្លែងថា ការផ្តល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជំនួយឧបត្ថម្ភរបស់ក្រសួងការពារប្រទេសចិន បានបង្ហាញពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិន និងកម្ពុជា។ ជាការបង្ហាញឱ្យឃើញពីការជួយគ្នាក្នុងគ្រាលំបាក ជាពិសេសថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលតែងគាំទ្រគោលជំហរគ្នាទៅវិញទៅមក។

លោកវរសេនីយ៍ឯក លី ជីងហ្វឹង បានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់កងទ័ពទាំងពីរ មានន័យថាកងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេរភូមិន្ទ នៅតែបន្តកាន់ដៃគ្នា ប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លុះត្រាតែជំងឺនេះ បាត់បង់ពីផែនដី ហើយភាគីចិន នៅតែបន្តគាំទ្រភាគីកម្ពុជា ទាំងស្មារតី ន ិងសម្ភារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ»

ក្នុងពេលអញ្ជើញទទួលសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានចាត់ទុកជំនួយរបស់ក្រសួងការពារប្រទេសចិន ជាជំនួយដែលមិនអាចកាត់ថ្លៃបាន ហើយជំនួយលើកនេះ។

នាយឧត្តមសេនីយ៍ បានថ្លែងថា ក្រៅពីកិច្ចការរួមគ្នាដៃទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសចិន មានទិសដៅបន្ថែមទៀត ក្នុងការត្រួតពិនិត្យជាមុនលើរោគឆ្លងផ្សេងទៀត។ ដូច្នេះនេះ គឺជាកិច្ចសហប្រតិបត្តិការដែកថែប ឬកិច្ចសហប្រតិបត្តិការអមត រវាងកងទ័ពកម្ពុជា-ចិន ដូចដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់មក។

សូមបញ្ជាក់ថា សម្ភារដែលក្រសួងការពារប្រទេសចិនផ្តល់ជូនកម្ពុជានៅថ្ងៃនេះ ជាសម្ភារដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ ក្នុងការលើកកម្ពស់សមត្ថភាពភាពដល់ក្រុមគ្រូពេទ្យយោធាកម្ពុជា ក្នុងការពិនិត្យ និងស្វែងរករោគឆ្លងផ្សេងៗទៀត។ សម្ភារនេះមានចំនួន១២មុខ ហើយនេះជាជំនួយលើកទី៤ហើយ។

ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា ក្រសួងការពារប្រទេសចិន មិនត្រឹមតែផ្តល់ជាសម្ភារប៉ុណ្ណោះទេ កាលពីថ្ងៃទី២៤ ខែមីនា ក្រសួងការពារប្រទេសចិន ក៏បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ចំនួន៤រូប មកចែករំលែកបទពិសោធន៍ និងបង្ហាត់បង្រៀន ដល់ក្រុមគ្រូពេទ្យបង្គោលនៃកងយោធពលខេមរភូមិន្ទរយៈពេល២ខែ៕