(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារឆ្នាំ២០២០។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ ស.សយ.ក និងជាប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ និងលោកស្រី ហង្ស ម៉ារីណា និងមានការចូលរួមផងដែរ ពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារកំព្រា សរុបប្រមាណជាង២០០នាក់ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ហេង សុខគង់ បានពាំនាំបណ្តាំសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងបានលើកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកុមារដែលជាអនាគតប្រទេសជាតិ ក៏ដូចជាការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជាយើង។

លោក ហេង សុខគង់ ក៏បានជម្រាបជូននូវការតម្រង់ទិសមួយចំនួនដល់យុវជន និងកុមារទាំងអស់ និងជំរុញឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សគំរូ និងពលរដ្ឋល្អរបស់សង្គម។

ជាមួយគ្នានេះផងដែរ លោក ហេង សុខគង់ និងលោកស្រី ព្រមទាំងក្រុមការងារបានជូនអំណោយរួមមាន៖ សម្រាប់មជ្ឈមណ្ឌលកុមារកំពា្រ មានសៀវភៅ២០០ក្បាល ថ្នាំពេទ្យ៤ពាន់បន្ទះ ខិត្តបណ្ណផ្សព្វផ្សាយពីការលាងដៃ និងបង្ការកូវីដ១៩ចំនួន ២ពាន់សន្លឹក នំស្រួយលីលី ៥កេស សាប៊ូលាងដៃ២០កេសធំ ទឹកក្រូច៥កេស។

សម្រាប់កុមារកំព្រា ៦៥នាក់ ម្នាក់ៗទទួលបានខោអាវ២កំប្លេរ សៀវភៅ៣ក្បាល ប្រដាប់ការងារហត្ថកម្ម១ឈុត និងថវិកា១៥,០០០រៀលក្នុងម្នាក់។ លោកគ្រូ អ្នកគ្រូ បង្រៀនក្នុងអង្គការ១៦នាក់ និងលោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាជុំវិញឃុំចំនួន៦៧រូប ម្នាក់ៗទទួលបានមួកសុវត្ថិភាពមួយ និងថវិកា ២ម៉ឺនរៀល និងសម្រាប់ ស.ស.យ.ក ស្រុកក្រគរ ម៉ាស់៥០០ ខិតបណ្ណផ្សព្វផ្សាយពីជំងឺកូវីដ២ពាន់សន្លឹក និងថ្នាំពេទ្យមួយចំនួនផងដែរ៕