(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំ នៃរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៣ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយផែនការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩។

អញ្ជើញចូលរួមកិច្ចប្រជុំខាងលើ រួមមានលោក ត្រាំ អុីវតឹក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ខេត្តកំពង់ឆ្នាំងលោក លោកស្រី ជាប្រធាន-អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងណែនាំ ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០៕